គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

និយតករស៊ីលីអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩របស់ Sinovac ចំពោះកុមារមានអាយុលើសពី៦ឆ្នាំ



សាន់ត្យាហ្គោ៖ កាលពីថ្ងៃចន្ទនិយតករឱសថស៊ីលីបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ក្រុមហ៊ុនចិន Sinovac សម្រាប់កុមារដែលមានអាយុលើសពី៦ឆ្នាំដើម្បីឲ្យពលរដ្ឋរបស់គេកាន់តែច្រើនបានទទួលការចាក់វ៉ាក់សាំង។


ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះក៏បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន ហ្វាយហ្ស័រ (Pfizer) សម្រាប់កុមារអាយុលើសពី១២ឆ្នាំរួចហើយដែរ ដោយកុមារជាង៦៥៤,០០០នាក់បានចាក់យ៉ាងហោចមួយដូសចាប់តាំងពីខែឧសភាមក។


ទោះជាយ៉ាងណាក៏ដោយ វ៉ាក់សាំងឈ្មោះថា កូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុន Sinovac គឺជាឆ្អឹងខ្នងនៃយុទ្ធនាការចាក់វ៉ាក់សាំងនៅស៊ីលីដែលរហូតមកទល់ពេលនេះមនុស្សជាង១៣លាននាក់ក្នុងចំណោមពលរដ្ឋរបស់គេសរុបចំនួន១៩លាននាក់បានចាក់វ៉ាក់សាំងពេញលេញ និងបានប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac សរុប១៩.៤៩លានដូស។


រដ្ឋមន្ត្រីក្រសួងសុខាភិបាលស៊ីលីលោក អេនរីក ផារីស (Enrique Paris) បានបង្ហាញការគាំទ្រចំពោះការសម្រេចនោះរបស់និយតករឱសថ។


នៅក្នុងការវាយតម្លៃដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានសុខភាពសាធារណៈ (ISP), អ្នកជំនាញ៥នាក់បានបោះឆ្នោតគាំទ្រការចាក់វ៉ាក់សាំងនេះដល់កុមារអាយុលើសពី៦ឆ្នាំ ខណៈដែល២នាក់ទៀតបោះឆ្នោតគាំទ្រឲ្យចាក់តែកុមារអាយុលើសពី១២ឆ្នាំប៉ុណ្ណោះ និងម្នាក់ទៀតបោះឆ្នោតជំទាស់មិនឲ្យចាក់ឲ្យកុមារ។


គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ក៏ត្រូវបានអនុម័តឲ្យប្រើប្រាស់ចំពោះកុមារនៅក្នុងប្រទេសឥណ្ឌូណេស៊ីនិងចិនផងដែរ។


ស៊ីលីមើលឃើញពីការធ្លាក់ចុះនៃការឆ្លងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ កាលពីថ្ងៃចន្ទគេបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ចំនួន៤៣៥នាក់ប៉ុណ្ណោះដោយធ្វើឲ្យចំនួនសរុបកើនដល់១.៦លាននាក់ក្នុងនោះមានអ្នកស្លាប់សរុបចំនួន៣៧,១០៨នាក់៕


ប្រភព៖ CNC

Post a Comment

0 Comments