(កណ្ដាល)៖ គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បើករថយន្តបុកផ្ទប់និងរថយន្តបែនដឹកដីកង់១០ ដែលខូចចតក្នុងយានដ្ឋាន យ៉ាងពេញទំហឹង បណ្ដាលឱ្យស្លាប់ចាងហ្វាងអ្នកសារព័ត៌មានម្នាក់នៅកន្លែង ហេតុការណ៍នេះបានកើតឡើង នៅលើដងផ្លូវជាតិលេខ៨ ស្ថិតនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង០៨យប់
ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ។
ជនរងគ្រោះឈ្មោះ យឺត ភារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្រឿងចក្រដឹកដី និងជាចាងហ្វាងគេហទំព័រ មេគង្គញូ Mekong News មានទីលំនៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង(ស្លាប់) ។
ប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុក្នុងថ្ងៃដដែល លោក យឺត ភារ៉ា បានមកចូលរួមកម្មវិធី ដោយហូបចុកនៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។
បន្ទាប់មកក៍បន្តចេញដំណើរទៅហូបចុកជាមួយមិត្តភ័ក្ដិ នៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាបន្តទៀត លុះស្រវឹងរូបលោកក៍បើករថយន្តខ្លួន ម៉ាកលុចស៊ីRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ7398 ចេញពីកន្លែងហូបចុក ក្នុងបំណងទៅផ្ទះ ដែលមានទិសដៅពីលិចទៅកើត មកដល់កន្លែងកើតហេតុ ក៍ជ្រុលធ្លាក់ផ្លូវ ចូលយានដ្ឋានជួលជុលរថយន្ត បុកផ្ទប់និងរថយន្តបែនដឹកដីកង់១០ដែលខូចចតក្នុងយានដ្ឋាន យ៉ាងពេញទំហឹង បណ្ដាលឱ្យស្លាប់នៅកន្លែងតែម្ដង ។
ប៉ុន្តែដោយមិនអស់ចិត្តក្រុមគ្រួសារ ក៍ដឹកលោក យឺត ភារ៉ា ទៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថា លោក យឺត ភារ៉ា បានស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារដឹកសព ទៅធ្វើបុណ្យនៅផ្ទះឯឃុំមេសរប្រចាន់ តែម្ដងទៅ ។
ចំពោះរថយន្តលោក យឺត ភារ៉ា ត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ៕
0 Comments