រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសារធាណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១កន្លង មកក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីបុគ្គលិកបម្រើការនៅកាស៊ីណូ ដឺសេនជូរី និង អគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដឺសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាលទ្ធផល គឺបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់ ។
ដោយពិនិត្យឃើញថាទីតាំងនោះ អាគារធំទូលាយ និងមាន កន្លែងស្នាក់នៅសមរម្យ រដ្ឋបាលខេត្ត បានចេញសេចក្ដីសម្រេចលេខ២០៨ សសរ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ សម្រេចដាក់កាស៊ីណូ ដឺសេនជូរី និងអគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដឺសេនជូរី ជាកន្លែងធ្វើចត្តាឡីស័ក ជាកន្លែង ព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាកន្លែងធ្វើចត្តាឡីស័កបន្តចំពោះអ្នកដែលបានព្យាបាលជាសះស្បើយ ទទួលបាន លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក។
ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានផ្តល់ជម្រើសសម្រាប់អ្នកជំងឺថា តើចង់ទៅព្យាបាលនៅមន្ទីរពេទ្យ ឬស្នាក់នៅព្យាបាលក្នុងទីតាំងខាងលើផងដែរ ។ ចំពោះអ្នកជំងឺកូវីដ-១៩ ដែលស្នាក់នៅព្យាបាលនៅទីតាំងខាងលើ គឺត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល ខេត្តចុះត្រួតពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ និងតាមដានសុខភាពអ្នកជំងឺជាប្រចាំ ព្រមទាំងបានបង្កើតគ្រុបតឡ ក្រាម (ទប់ស្កាត់ COVID19) ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការទំនាក់ទំនងរវាងអ្នកជំងឺ និងក្រុមគ្រូពេទ្យ។ ចំពោះ អាហារហូបចុកគឺបានផ្តល់ជូន០៤ពេលក្នុងមួយថ្ងៃពីម្ចាស់កាស៊ីណូរបស់ខ្លួនផងដែរ។
ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យរបស់យើងក៏បានចុះទៅពិនិត្យសុខភាពអ្នកជំងឺ ទាំងអស់ ឃើញថាមិនមានបញ្ហាអ្វីគួរកត់សម្គាល់នោះទេ និងបានផ្ដល់ថ្នាំសម្រាប់រយៈពេល០៣ថ្ងៃ ដោយបានណែនាំបន្ថែមបើករណីមានអាការៈមិនស្រួលខ្លួនសូមទំនាក់ទំនងមកក្រុមគ្រូពេទ្យភ្លាម ។
ដោយឡែកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម៉ោងប្រមាណ០៩និង២១នាទី មានអ្នកផ្ញើសារចូលក្នុងគ្រុបតេឡេក្រាម (ទប់ស្កាត់ COVID19) ដោយបានប្រាប់ថាមានអ្នកជំងឺម្នាក់ឈ្មោះ ហៀន ស្រីនិច ភេទស្រី អាយុ២៨ឆ្នាំ មានអាការៈក្អួត ពេលនោះក្រុមគ្រូពេទ្យយើងក៏បានមកពិនិត្យនិងផ្តល់ថ្នាំជូន ព្រមទាំងទំនាក់ទំនងសួរនាំ ដើម្បីតាម ដានអាការៈជំងឺរបស់គាត់ ។
លុះដល់ម៉ោង០៦ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺដដែលមានអាការៈមិនធូរស្រាល និង បាត់បង់ជាតិទឹកជាច្រើន ហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែបានជាងកន្លះម៉ោងក៏បានស្លាប់បាត់បង់ជីវិតតែម្តង បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យជំនាញគឺដោយសារគាត់ពុលអាហារ (ក្អួត) និង បាត់បង់ជាតិទឹកច្រើនពេក រហូតមកដល់ម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃដដែល មានអាខោនហ្វេសប៊ុកឈ្មោះ Doung Chan Sreypov បានធ្វើការ Live ផ្ទាល់ដោយមានគ្នាចំនួន០៥នាក់ បានចោទប្រកាន់មកលើអាជ្ញាធរខេត្តថា ពួកខ្លួនបានធ្វើតេស្ដមានវិជ្ជមានកូវីដ-១៩ តែមិនត្រូវបានគេបញ្ជូនទៅព្យាបាលឡើយ ដែលផ្ទុយស្រឡះពីការពិត ជាក់ស្ដែង គឺពួកគាត់ទាំងអស់គ្នាត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យរបស់យើង នៅទីតាំងអាគារធ្វើការរបស់គាត់ ដែលត្រូវបានរដ្ឋបាលខេត្តកំណត់ជាទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ។
រហូតមកដល់ម៉ោង០៤រសៀលថ្ងៃដដែល អាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យរបស់យើង បានទៅអញ្ជើញពួកគាត់ដើម្បីយកទៅ ព្យាបាលនៅមន្ទីរពេទ្យ តែពួកគាត់មិនចុះពីលើអាគារនោះទេ រហូតដល់ម៉ោង០៧និង២៧នាទីយប់ ទើបគាត់ចុះមក ជួបក្រុមការងារ ហើយបានបដិសេធមិនព្រមទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ គឺសុំស្នាក់នៅនិងព្យាបាលនៅទីតាំងកន្លែងធ្វើការរបស់គាត់ដដែល ហើយបានសន្យាថានឹងធ្វើការ Live ផ្ទាល់ ដើម្បីបកស្រាយអំពីការយល់ច្រឡំរបស់ពួក គាត់មកលើក្រុមគ្រូពេទ្យ និងអាជ្ញាធររបស់យើងវិញ ។
រដ្ឋបាលខេត្តសូមបញ្ជាក់ថា ក្នុងករណីដែលបងប្អូនដែលកំពុងស្នាក់នៅព្យាបាល នៅក្នុងទីតាំងខាងលើមាន បំណងចង់ប្ដូរទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងដែលរដ្ឋបាលខេត្តបានរៀបចំ សូមទំនាក់ទំនងក្រុមការងារប្រចាំការ តាមរយៈលេខទូរស័ព្ទ ០៩៣ ៩៩៩ ១៦៨ ដើម្បីធ្វើការសម្របសម្រួលជូន ។
ចំពោះការលើកឡើងថា មានការបង្ខាំងនិងបង្ខំបុគ្គលិកឱ្យធ្វើការនៅក្នុងកាស៊ីណូខាងលើ ដោយគ្មានការ ព្រមព្រៀង រដ្ឋបាលខេត្តនឹងធ្វើការស៊ើបអង្កេតឱ្យបានលម្អិតបំផុត ករណីរកឃើញមានប្រព្រឹត្តបទល្មើស នោះរដ្ឋបាលខេត្តនឹងចាត់ការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕
0 Comments