សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យអតិថិជន GFX បន្តសម្រុះសម្រួលគ្នាជាក្រុមហ៊ុន

 


ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រផ្លូវការរបស់សម្តេច បានឆ្លើយសារឆ្លើយតបទៅកាន់អ្នកលេងបណ្តាញសង្គម (Facebook) ចំពោះក្រុមហ៊ុន GFX Investment ថា  “ដោយសារបងប្អូនចូលមកនិយាយប្រាប់ខ្ញុំច្រើនដងហើយ ដែលល្មមដល់ពេលខ្ញុំត្រូវឆ្លើយតបដោយខ្លីថា “សូមបងប្អូនសម្រុះសម្រួលគ្នា ព្រោះបងប្អូនស្ម័គ្រចិត្តរកស៊ីជាមួយគ្នា ។ ក្នុងករណីរកការស្រុះស្រួលមិនបាន សុំដាក់ពាក្យបណ្តឹងទៅតុលាការ” ។

ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងកាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីអ្នកលេងបណ្តាញសង្គមមួយចំនួន តែងតែខមមិន សុំកិច្ចអន្តរាគមន៍ពីសម្តេច ចំពោះក្រុមហ៊ុន GFX ក្នុងសកម្មភាពជួញដូរ (Trade) ។

បើយោងតាមរយៈសាររបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវយន្តការសំខាន់ចំនួនពីរ សម្រាប់អតិថិជនដែលរងគ្រោះក្នុងសកម្មភាពជួញដូរ (Trade) ជាមួយក្រុមហ៊ុន GFX គឺទី១. សម្តេច ជំរុញឲ្យអតិថិជនដែលនៅសេសសល់មិនទាន់ទទួលបាន ឬយកដំណោះស្រាយ បន្តធ្វើការសម្រុះសម្រួលគ្នាជាមួយក្រុមហ៊ុន ព្រោះទាំងអតិថិជន និងក្រុមហ៊ុន គឺបានស្ម័គ្រចិត្តរកស៊ីជាមួយគ្នា និងទី២. ក្នុងករណីរកការសម្រុះសម្រួលមិនបាន សុំដាក់ពាក្យបណ្តឹងទៅតុលាការ។

សូមជម្រាបថា កន្លងមកក្រុមហ៊ុន GFX ដែលជាអ្នកទទួលរងគ្រោះក្នុងសកម្មភាពជួញដូរ (Trade) ដូចអតិថិជនដែរនោះ មិនបានគេចវេស ឬមានចេតនាមិនទទួលខុសត្រូវជាមួយអតិថិជននោះឡើយ ។ ជាក់ស្តែងក្រុមហ៊ុន បានដាក់ពាក្យបណ្តឹងនៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ តាំងពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ទៅលើជនបរទេស និងបក្ខពួកជាជនបរទេសដទៃទៀត ដែលបានកេងកិបយកលុយក្រុមហ៊ុន ដើម្បីឲ្យតុលាការ ជួយរកយុត្តិធម៌ជូនក្រុមហ៊ុន និងអតិថិជន ព្រមទាំងមកផ្តន្ទាទោសជនទាំងនោះតាមច្បាប់ជាធរមាន ។ 

ជាមួយគ្នានេះ ក្រុមហ៊ុន GFX ក៏បានដាក់ចេញនូវយន្តការចំនួនពីរ គឺទី១. អញ្ជើញអតិថិជនដែលជាជនរងគ្រោះទាំងអស់ មកពិភាក្សារកដំណោះស្រាយ និងប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ ។ 

ក្នុងនោះមានអតិថិជនជាច្រើន បានរួមគ្នាជាមួយក្រុមហ៊ុន រៀបចំឯកសារពាក់ព័ន្ធប្តឹងទៅលើជនបរទេស និងបក្ខពួក ដើម្បីទាមទារយុត្តិធម៌ក្នុងនាមជាជនរងគ្រោះដូចគ្នា និងទី២. ធ្វើដំណោះស្រាយសាច់ប្រាក់ជូនអតិថិជន ។ 

ទី២. ក្រុមហ៊ុន GFX បានអញ្ជើញអតិថិជន មកធ្វើដំណោះស្រាយសាច់ប្រាក់ ដោយប្រើរយៈពេល ៥៥ថ្ងៃ ដែលក្នុងនោះមានអតិថិជនជាច្រើននាក់ បានយល់ព្រមទទួលយកដំណោះស្រាយនោះផងដែរ ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន GFX បានចេញសេចក្តីជូនដំណឹងជាសាធារណៈដោយបន្តប្រើយន្តការធ្វើដំណោះស្រាយសាច់ប្រាក់ម្តងទៀតជូនដល់អតិថិជនដែលនៅសេសសល់ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីផ្អាកការធ្វើដំណោះស្រាយសាច់ប្រាក់ ជំហានទី១ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ និងដោយមានការសំណូមពរពីអតិថិជន ឲ្យក្រុមហ៊ុនបន្តបើកការធ្វើដំណោះស្រាយមួយរយៈពេលបន្ថែមទៀតនោះ ៕

Post a Comment

0 Comments