អតីតសិស្សសាលាបាក់ទូក មួយក្រុម បានសម្តែងការក្តុកក្តួល និងចូលរួមរំលែកមរណៈទុក្ខ



 អតីតសិស្សសាលាបាក់ទូក មួយក្រុម បានសម្តែងការក្តុកក្តួល និងចូលរួមរំលែកមរណៈទុក្ខ ដល់អតីតសាស្ត្រាចារ្យបរិញ្ញាប័ត្រភាសាខ្មែរ នាទសវត្សឆ្នាំ១៩៦០!  


ក្នុងបរិបទនៃការប្រើពាក្យគុណធម៌ ចំពោះសង្គមទូទៅ គេសំដៅដល់ លោកអ្នកដែលរក្សានូវ សច្ចធម៌ និងការដឹងគុណ (កត្តញ្ញូ សច្ចៈ ខន្តី) ចំពោះអ្នកជុំវិញខ្លួន។ 

កាលពីម្សិលមិញនេះ អតីតសិស្ស សាលាបាក់ទូក នាទសវត្សឆ្នាំ១៩៨០ មួយក្រុម ដែលផ្តួចផ្តើមបង្កើតឡើងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មករួបរួមគ្នា ក្នុងគ្រាមជ្ឈឹមវ័យ បង្កើតគោលការណ៍ជួយគ្នាទៅវិញទៅមក និងតែងតែរំលឹកការដឹងគុណ ចំពោះលោកគ្រូអ្នកគ្រូដែលពួកគាត់ធ្លាប់បានរៀនជាមួយ កាលពីអតីតកាល ក្រោមពាក្យស្លោក "សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក" បានរួមគ្នាបរិច្ចាគ ថវិកាផ្ទាល់ខ្លួន សរុបបាន ៧លានរៀល នាំយកទៅប្រគល់ជូនគ្រួសារសព លោកគ្រូ ថាច់ សែម (អតីតសាស្ត្រាចារ្យបរិញ្ញាប័ត្រភាសាខ្មែរ តាំងពីទសវត្សឆ្នាំ១៩៦០ និងធ្លាប់បង្រៀនអក្សរសាស្ត្រខ្មែរនៅសាលាបាក់ទូកក្នុងទសវត្សឆ្នាំ១៩៨០ រយៈពេល ០២ឆ្នាំ) បានទទួលអនិច្ចកម្ម កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៧ឆ្នាំ និងបានប្រារព្ធធ្វើបុណ្យនៅគេហដ្ឋានស្ថិតនៅ គីឡូម៉ែត្រលេខ៨ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ក្នុងសភាពស្ងប់ស្ងាត់គួរឲ្យស្រងេះស្រង៉ោច ។ 

កាយវិការួបរួមគ្នា ដ៏គួរឲ្យគោរពរបស់ក្រុមអតីតសិស្សបាក់ទូកមួយនេះ គឺជាគុណធម៌ដែលពួកគាត់តែងតែធ្វើជាប់ជាប្រចាំមកជាច្រើនឆ្នាំហើយ ស្របតាមពាក្យស្លោកដែលពួកគាត់បានបង្កើតឡើង  ហើយកាយវិកានាពេលនេះ ក៏ទទួលបានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីក្រុមគ្រួសារនៃសព ៕

Post a Comment

0 Comments