គេហទំព័រ មួយរៀល

សង្ស័យជាករណីឃាតកម្ម ស្ត្រីម្នាក់ធ្លាក់ពីអាគារខ្ពស់ស្លាប់តាមផ្លូវពេលដឹកយកមកសង្គ្រោះ



ក្រុងព្រះសីហនុ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថាប្រទះឃើញរថយន្តស្តារិចមួយគ្រឿង ដឹកស្ត្រីម្នាក់ដែលធ្លាក់ពីអាគារខ្ពស់ លុះយកមកដល់មន្ទីរពេទ្យឯកជនមួយកន្លែង ក្រុមគ្រូពេទ្យប្រាប់ថាស្លាប់ដាច់ខ្យល់ទៅហើយ  


ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ នៅតាមបណ្តោយផ្លូវឯករាជ្យ ចំណុចមុខមន្ទីរពេទ្យថៃខាង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ  


យោងតាមប្រភពសាក្សីដែលឃើញហេតុការណ៍តាមថ្លែងប្រាប់ថា នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃខែខាងលើ គេប្រទះឃើញរថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AV-8751 បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ និងរួមដំណើរ២នាក់ទៀត ជាជនជាតិខ្មែរដូចគ្នា  


តាមប្រភពពីបុរសអ្នកបើកបររថយន្តខាងលើផ្ទាល់បានថ្លែងប្រាប់ផងដែរថា ដំបូងស្ត្រីខាងលើបានធ្លាក់ពីអាគារ Online មួយកន្លែងក្នុងតំបន់សេដ្ឋកិច្ចពិសេស អូរត្រេះ ហើយមេរបស់គាត់បានចាត់ឲ្យគាត់និងសន្តិសុខ រួមទាំងបុរសជាជាងភ្លើងម្នាក់ទៀត ជួយលើកស្ត្រីខាងលើដាក់ក្នុងគូទរថយន្ត  យកមកសង្គ្រោះបន្ទាន់ (ដោយរថយន្តផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនដោយពុំរាយការណ៍មកសមត្ថកិច្ចឬហៅរថយន្តពេទ្យនោះទេ គឺសម្រេចដឹកមកមន្ទីរពេទ្យថៃខាង ដោយខ្លួនឯង តែជាអកុសលស្ត្រីខាងលើបានដាច់ខ្យល់ស្លាប់ពេលដឹកតាមរថយន្តទៅហើយ  


គួរបញ្ជាក់ផងដែរថា ចំពោះករណីខាងលើនេះពុំមានរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថាស្ត្រីខាងលើស្លាប់ដោយសារមូលហេតុអ្វីនៅឡើយទេ តែភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួន បុរស៣នាក់ខាងលើយកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុផងដែរ  


បច្ចុប្បន្នសពស្ត្រីខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សាតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រងចាំសមត្ថកិច្ចជំនាញមកធ្វើការកោសល្យវិច័យ ស្រាវជ្រាវពីអត្តសញ្ញាត និង រកអំពីមូលហេតុនៃការស្លាប់ទៅតាមនីតិវិធី 

Post a Comment

0 Comments