គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ជនជាតិចិនផ្ទុះអាវុធ២គ្រាប់នៅសណ្ឋាគារស៊ីងហាវអ៊ីងហួយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានរួមទាំងភស្តុតាង



ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២២:០០នាទី ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញបានធ្វើការឃាត់ខ្លួន ជនសង្ស័យជាជនជាតិចិនចំនួនមួយរូប ពាក់ពន្ធ័ករណី ផ្ទុះអាវុធ ចំនួន០២គ្រាប់ នៅចំណុចសណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។


លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥:៣០នាទីទៀបភ្លឺ មានករណីផ្ទុះអាវុធ ចំនួន០២គ្រាប់ បង្កឡើងដោយជនជាតិចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានដកកាំភ្លើងខ្លី០១ដើម ចេញពីចង្កេះ រួចបាញ់ទៅលើទ្វារកញ្ចក់របស់សណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ចំនួន០២គ្រាប់ បណ្តាលឲ្យបែកកញ្ចក់អស់មួយផ្ទាំង រួចគេចខ្លួនបាត់។ 


បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២២:០០នាទីយប់ ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី ០១ដើម។


ជនសង្ស័យមានឈ្មោះ GU SAN QIANG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបាន៖

-កាំភ្លើងខ្លី ០១ដើម ម៉ាក SIG SAUER P365 ពណ៌ខ្មៅ មានលេខសម្គាល់ៈ 66B087323

-បង់កាំភ្លើង ០១ មានគ្រាប់ចំនួន ០៨គ្រាប់ (ប្រភេទ mm) 

សំភារៈខូចខាតមាន ទ្វារកញ្ចក់ ចំនួន០១ផ្ទាំង។


ចំពោះជនសង្ស័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

Post a Comment

0 Comments