ភ្នំពេញ៖ បុរសម្នាក់បានធ្វើអត្តឃាត ដោយបានចងកបញ្ចប់ជីវិតរបស់ខ្លួននៅក្នុងបន្ទប់ទឹក ផ្ទះជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង ៤៥នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ករណីនេះបានកើតឡើងនៅផ្ទះជួល ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីម្តាយរបស់ជនរងគ្រោះ បានឱ្យដឹងថា កូនរបស់ខ្លួនឈ្មោះ ផន សុភា ភេទប្រុស អាយុ២៥ ជាអ្នកយកភាស៊ីនៅផ្សារអូរឫស្សី។
បច្ចុប្បន្នក្នុងគ្រួសារមានបងប្អូនចំនួន០៣នាក់ ក្នុងនោះស្រី២នាក់ ដោយសុភា ជាកូនប្រុសច្បង និងកន្លងមកធ្លាប់ ប្រើប្រាស់គ្រឿងញៀន ព្រមទាំងត្រូវបានបញ្ជូនទៅមណ្ឌលអប់រំ និងកែប្រែចំនួន២ដងរួចមកហើយ។
នៅមុនពេលកើតហេតុ កូនរបស់គាត់ជាជនរងគ្រោះ បានអង្គុយសម្លឹងមើលមុខពោរពេញដោយក្តីស្រលាញ់ និង បានជជែកគ្នាដូចធម្មតា ប៉ុន្តែនៅវេលាម៉ោង២រំលងអធ្រាត្រ ប្អូនស្រីរបស់ស្ត្រីជាម្តាយជនរងគ្រោះ បានដើរទៅកាន់បន្ទប់ទឹក ទ្វារចាក់សោរ ទើបប្រាប់ទៅម្តាយជនរងគ្រោះឱ្យសួរ ប៉ុន្តែសួរមិនឆ្លើយ ទើបស្ត្រីជាម្តាយជនរងគ្រោះ បានទាញទ្វាររហូតរបូតគន្លឹះ ទើបឃើញសពកូនរបស់ខ្លួនកំពុងបែកពពុះមាត់ដោយសារចងក។
សូមបញ្ជាក់ថា ស្ត្រីជាម្តាយជនរងគ្រោះ ទើបតែប្តីស្លាប់ចោលប្រមាណ៣ខែកន្លងមកនេះ តែពេលនេះក៏បាត់បង់ទាំងកូនប្រុសថែមទៀត។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រាប់ទៅម្តាយសពឱ្យទុកសពនេះ នៅក្នុងទីតាំងដដែលសិន ដើម្បីរង់ចាំសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ មកធ្វើការត្រួតពិនិត្យលើសាកសព រួចទើបប្រគល់សពទៅឱ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យ៕
0 Comments