ភ្នំពេញ៖ ព្រឹកថ្ងៃ សុក្រ ៤កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោកអភិបាលរង នាយក-នាយករងរដ្ឋបាល និងមន្ត្រីអមដំណើរ ចុះជួបសំណេះសំណាលជាមួយ លោកស្រីចៅសង្កាត់ លោក លោកស្រី ក្រុមប្រឹក្សា ស្មៀន មន្ត្រី នគរបាលប៉ុស្តិ៍ ប្រជាការពារ និងមេភូមិទាំងអស់ នៃសង្កាត់ទឹកល្អក់ទី៣ ។ នាឱកាសនៃពិធីសំណេះសំណាលខាងលើនេះ ឯកឧត្តមអភិបាលខណ្ឌ បានផ្ដល់ការណែនាំដល់ លោកស្រីចៅសង្កាត់ និងសហការី ទាំងអស់ ត្រូវតែយកចិត្តទុកដាក់ យ៉ាងមុតមាំបំផុត ក្នុងការបម្រើ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ , ពង្រឹងការងារទប់ស្កាត់ជម្ងឺកូវីដ១៩ ដើម្បីការពារខឿនសុខភាពនិងអាយុជីវិតរបស់ប្រជាជន , ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ខិតខំអនុវត្តការបង្ក្រាបទល្មើសផ្សេងៗដែលអាចនឹងបង្កអោយមានអសន្តិសុខក្នុងសង្គម រួមមាន អំពើចោរកម្ម គ្រឿងញៀន ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ការរៀបចំ ថែរក្សាអនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ និងខិតខំបង្កើនប្រសិទ្ធភាពការងារផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ប្រកបដោយ គណនេយ្យភាព "ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព"។
ជាចុងក្រោយ ឯកឧត្តមអភិបាលខណ្ឌ បានឧបត្ថម្ភដល់ រដ្ឋបាលសង្កាត់ និងប៉ុស្តិ៍ នូវ ថវិកា ចំនួន ៥០០,០០០ រៀល អាកុល ១ កាន និងម៉ាស់ចំនួន ២០ ប្រអប់ ជាការលើកទឹកចិត្តផងដែរ៕
0 Comments