ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងពិធីប្រគល់ផ្ទះ១ខ្នងរបស់មូលនិធិជនពិការ ជូនជនពិការភ្នែកទាំងសងខាងនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានរបស់លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តនិងជាប្រធានសាខាមូលនិធិជនពិការខេត្តកោះកុង អាជ្ញាធរស្រុកស្រែអំបិល និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ ។
លោក ស៊ឹម សុធន បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបបញ្ហានៃការរីករាលដាលការជំងឺកូវីដ១៩ រាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងតែបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលមានទាំងជនពិការផងដែរ ឱ្យពួកគាត់ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបានផ្តល់ជាប្រាក់ឧបត្ថម្ភផងដែរ។ ជាមួយគ្នានេះ មូលនិធិជនពិការ ដែលជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ក៏បានចូលរួមចំណែកដល់ការគាំទ្រលើសុវត្ថិភាពអាហារជនពិការក្រីក្រដែលកំពុងជួបការខ្វះខាត និងបានផ្ដល់ជាផ្ទះដើម្បីឲ្យពួកគាត់បានរស់នៅសមរម្យ។
ក្រៅពីផ្ទះមួយខ្នងនេះ ជនពិការខាងលើក៏បានទទួលនូវកញ្ចប់អំណោយរបស់មូលនិធិជនពិការរួមមានអង្ករ ថវិកាចំនួន១០ម៉ឺនរៀល ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវវ១យួរ អំបិល២គីឡូក្រាម ត្រីខ២យួរ មី១កេះ បន្ថែមលើពីនេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុងបានឧបត្តម្ភនូវថវិកាចំនួន ១៤ម៉ឺនរៀលផងដែរ។ លោក ស៊ឹម សុធន ក៏បានផ្ញាំផ្ញើរឱ្យជនពិការខាងលើ ត្រូវចេះថែរក្សាសុខភាព អនាម័យលំនៅឋាន ចូលរួមអនុវត្តវិធានការពារ៣កុំនិង៣ការពារ និងទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់ដូសតាមការណែនាំរបស់រាជរដ្ឋាភិបាល។
គូសបញ្ជាក់ថា ផ្ទះដែលត្រូវប្រគល់ជូននេះមានទំហំ ៤គុណនឹង៦ម៉ែត្រធ្វើពីថ្មប្រកស័ង្កសី គឺជាផ្ទះទី១៩ហើយ ដែលមូលនិធិជនពិការបានប្រគល់ជូនជាផ្លូវការ ដែលថវិកាក្នុងការសាងសង់នេះបានមកពីសប្បុរសជនដែលបានបរិច្ចាកថវិការចូលហិបប្រាក់វិភាគទានសប្បុរសធម៌ និងចំណូលផ្សេងៗទៀតរបស់មូលនិធិជនពិការ៕
0 Comments