គេហទំព័រ មួយរៀល

ចំណតរថយន្តតាក់ស៊ីក្នុងសង្កាត់ផ្សារថ្មីទី១ នៅតែបង្កភាពភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់នៅតាមទីសាធារណៈ

 



ភ្នំពេញ៖ ជាទូទៅនៅតាមតំបន់ផ្សារនានាក្នុងរាជធានីភ្នំពេញ ដូចជាផ្សារដើមគ ផ្សារអូរឫស្សី ផ្សារធំថ្មី គឺសុទ្ធសឹងតែមានចំណតសម្រាប់រថយន្តឈ្នួល ដែលអាចឈប់ទៅតាមចំណតរបស់ខ្លួន គ្រាន់តែបង់ថ្លៃសេវាចំណតជូនម្ចាស់ចំណតឬប្រធានផ្សារតែប៉ុណ្ណោះ ។ 

ជាក់ស្ដែងរថយន្តតាក់ស៊ីជាច្រើនគ្រឿងដែលដឹកភ្ញៀវដោយមិនចូលចំណត បានឈប់រថយន្តតាមដងផ្លូវដើម្បីចាប់ម៉ូយយ៉ាងប្រសេចប្រសាច បង្កភាពអនាធិបតេយ្យពេញផ្លូវ និង បាត់សណ្តាប់ធ្នាប់នៅតាមទីសាធារណៈ ។  

តាមជាក់ស្តែងប្រជាពលរដ្ឋបានឃើញថារថយន្តឈ្នួលជាច្រើនមិនបានចូលចំណតនោះទេ គឺបានឈប់នៅតាមផ្លូវលេខ១២០កែងនឹងផ្លូវលេខ១១៨ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ បានដេញចាប់ម៉ូយយ៉ាងប្រសេចប្រសាច មើលទៅដូចជាមិនមានសណ្ដាប់ធ្នាប់សោះ ។ 

ក្នុងនោះផងដែរគេក៏បានឃើញមានអ្នកដើរប្រមូលលុយជាប្រចាំ ប៉ុន្តែមិនដឹងថាអ្នកដើរប្រមូលលុយនោះជានរណាឲ្យពិតប្រាកដ មិនដឹងថា តើជាអាជ្ញាធរមូលដ្ឋានសង្កាត់ ឬខណ្ឌនោះទេ? ។   

បើតាមសម្តីបុរសម្នាក់ជាអ្នករត់តាក់ស៊ីនៅតំបន់នោះ សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា គាត់មានរថយន្តតាក់សុីមួយគ្រឿងបើកដឹកភ្ញៀវពីភ្នំពេញទៅបាត់ដំបង ដោយគាត់ចតរថយន្តនៅលើផ្លូវ ត្រូវបង់លុយឲ្យគេក្នុងមួយថ្ងៃ១៥០០០រៀល ចំពោះរថយន្តចតនៅលើដងផ្លូវមួយគ្រឿង ទោះបីរថយន្តបានដឹកភ្ញៀវចេញមួយជើងឬក៏មិនបានដឹកចេញក៏ដោយគឺ ត្រូវតែបង់ឲ្យម្ចាស់បេនឡានតែម្តង ។  

ករណីនេះដែរលោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារថ្មី បានឱ្យដឹងតាមទូរស័ព្ទថា ពាក់ព័ន្ធជាមួយបេនឡានសូរិយានិងបេនឡានភ្នំពេញ-បាត់ដំបង គឺមានខាងម្ចាស់បេនគេជាអ្នកគ្រប់គ្រង ។ 

អ្នកស្រីប្រធានផ្សារធំថ្មីបានឱ្យដឹងទៀតថា គាត់គ្រប់គ្រងតែបេនឡាននៅជុំវិញផ្សារធំថ្មីតែប៉ុណ្ណោះ ។  

ពាក់ព័ន្ធនឹងករណីឈប់រថយន្តនៅតាមដងផ្លូវ និងដេញចាប់ម៉ូយប្រសេចប្រសាច ម្ចាស់ចំណតរថយន្តបានឱ្យដឹងថា “គាត់មិនដឹងទេរឿងនេះ ឲ្យទៅសួរខាងមន្ទីរសាធារណការនឹងដឹកជញ្ជូនទៅ” ។ 

រីឯលោកមេប៉ុស្តិ៍ផ្សារថ្មីទី១ ក្រុមការងារយើងបានទំនាក់ទំនងតាមទូរស័ព្ទដែរ តែខលចូលមិនមានអ្នកលើក ។  

ជាមួយគ្នានេះដែរពាក់ព័ន្ធនឹងករណីឈប់រថយន្តនៅតាមដងផ្លូវ និងដេញចាប់ម៉ូយប្រសេចប្រសាចនេះ លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានឱ្យដឹងតាមទូរស័ព្ទថា ករណីក្រុមរថយន្តតាក់ស៊ីឈប់ចតនៅលើដងផ្លូវ និងដេញចាប់ម៉ូយប្រសេចប្រសាចនេះ លោកបានឃើញដែរ ហើយលោកក៏បានឲ្យក្រុមសណ្តាប់ធ្នាប់ខណ្ឌចុះទៅណែនាំនឹងអប់រំដែរពេលក្រុមចាប់ម៉ូយដេញពាក់ពពូនចាប់ម៉ូយនៅតាមដងផ្លូវរហូតមកដល់ផ្លូវព្រះមុនីវង្សផងដែរ   ហើយលោកអភិបាលនឹងមានវិធានការ ព្រោះដោយសារចំណតរថយន្តនេះ យើងដឹងហើយគាត់សុំមិននិយាយទេ តែលោកត្រូវតែចុះរៀបចំសណ្តាប់ធ្នាប់នៅតំបន់នេះមិនឲ្យធ្វើអ្វីផ្តេសផ្តាសបានទេ ។ 

ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន យើងនឹងខិតខំធ្វើការងារនេះឲ្យទាល់តែបានល្អប្រសើរ គឺដើម្បីសោភណភាពទីក្រុងយើងផងដែរ ៕

Post a Comment

0 Comments