គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

អ្នកសារព័ត៌មានឃាត់ឡានដឹកគ្រឿងឈើជាប់ចោទពីបទកំហែងយកប្រាក់បួនពាន់ដុល្លារ



ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន១០នាក់ នៅពីថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២១នេះ 


សមត្ថកិច្ចបានឲ្យដឹងថា អ្នកសារព័ត៌មានចំនួន១១នាក់ ជិះរថយន្ត៣គ្រឿង បានឃាត់រថយន្តយីឌុបដឹកឈើ ប្រភេទគ្រឿងផ្ទះមួយគ្រឿង នៅលើដងផ្លូវជាតិលេខ៩ ស្ថិតត្រង់ចំណុចផ្លូវចូលជាំធំ ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។


ប្រភពបន្តថា អ្នកសារព័ត៌មានទាំងនោះមិនមែនជាអ្នកនៅ ក្នុងខេត្តស្ទឹងត្រែងទេ គឺពួកគេមកពីតាមបណ្ដាខេត្តផ្សេងដែលបានចុះមកបំពេញ ការងារក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ 


លុះពេលប្រទះឃើញរថយន្តដឹកឈើខាងលើ ក៏បានឃាត់និងរាយការណ៍ទៅសមត្ថកិច្ច។ 


បន្ទាប់មកមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងក៏បានចុះទៅដល់ទីតាំង ដែលរថយន្តក្រុមអ្នកសារព័ត៌មានបានឃាត់រថយន្តដឹកឈើនោះ។ 


បន្ទាប់ពីមន្ត្រីអាវុធហត្ថចុះទៅដល់ទីតាំងស្រាប់តែអ្នកសារព័ត៌មានទាំងនោះ នាំគ្នាបើករថយន្តចេញអស់។ 


ខណ:នោះ អ្នកដឹកឈើក៏បានប្ដឹងចោទប្រកាន់ក្រុមអ្នកសារព័ត៌មានពីបទ កំហែងយកទារប្រាក់ចំនួន ៤០០០ដុល្លារ។


ក្រោយពីមានពាក្យបណ្ដឹងពីអ្នកដឹកឈើ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក៏បានឃាត់រថយន្តកាមរីពណ៌ក្រហមមួយគ្រឿង និងរថយន្ត០២គ្រឿងទៀត ត្រូវកងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ ឃាត់បញ្ជូនមកខេត្តស្ទឹងត្រែង។


អ្នកសារព័ត៌មានចំនួន១១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ១០នាក់ ហើយម្នាក់ទៀតបានគេចខ្លួន។ 


ចំពោះរថយន្តដឹកឈើមួយគ្រឿងនោះក៏ត្រូវបានឃាត់ទុកផងដែរ។


ប្រភពបញ្ជាក់ថា រថយន្តដឹកឈើខាងលើនោះ មានទិសដៅចេញពីភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ភូមិតារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការអនុញ្ញាតពីជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ដើម្បីយកទៅសាងសង់លំនៅដ្ឋាននៅខេត្តតាកែវ។


ទោះបីយ៉ាងណាករណីនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានខាងលើ នឹងត្រូវដោះលែងឬបញ្ជូនទៅតុលាការនោះទេ ត្បិតកំពុងធ្វើការសាកសួរនៅឡើយ៕

Post a Comment

0 Comments