តាមធម្មតា ខ្នាយតាន់នីមួយៗ តែងមានបារមីទេវតា នៅរក្សាការពារមិនឱ្យសត្រូវ ឬអមនុស្សជិតឆ្ងាយណាមកបៀតបៀន។
ប៉ុន្តែភាពពូកែស័ក្តិសិទ្ធនៃខ្នាយតាន់ គឺអាស្រ័យលើប្រភពរបស់វា។ ខ្នាយតាន់ ដែលមានប្រភពមកពីប្រទេសក្រៅ ដូចជា ថៃម៉ាឡេស៊ី និងអាហ្វ្រិក ជាដើម មិនពូកែស័ក្តិសិទ្ធដូចជារបស់នៅក្នុងប្រទេសកម្ពុជា ទេ។
ម្យ៉ាងទៀត ខ្នាយតាន់ ដែលបានមកដោយការដាក់អន្ទាក់ ឬបាញ់សម្លាប់នោះ ក៏មិនពូកែស័ក្តិសិទ្ធដែរ។ ប៉ុន្តែបើ ខ្នាយតាន់ ដែលបានមកពីជ្រូកព្រៃមេហ្វូងចាស់ស្លាប់តៃសាកដោយអស់អាយុសង្ខារ ឬក៏សត្វជ្រូកនោះ ចាក់កាច់ជាប់នៅនឹងដើមឈើ ឬក៏នៅកន្លែងណាមួយ គឺពូកែស័ក្តិសិទ្ធខ្លាំងណាស់។
ខ្នាយតាន់ ដែលមានបារមីកាន់ស្រាប់ បើគួបផ្សំនឹងមន្តអាគមខ្មែរ បន្ថែមផងនោះ គឺកាន់តែមានមហិទ្ធិរិទ្ធខ្លាំងក្លា។ លើសពីនេះទៅទៀត មហិទ្ធិរិទ្ធរបស់វា នឹងកាន់តែខ្លាំងពូកែថែមទៀតប្រសិនបើអ្នកដែលប្រើប្រាស់ខ្នាយតាន់ កាន់ត្រណម ធ្វើសក្ការៈបូជារៀងរាល់ថ្ងៃសីលដោយការដុតធូបថ្វាយដំឡូង ចេក ទឹកអប់ឆ្វេងស្តាំ និងប្រព្រឹត្តតែសុចរឹតធម៌។ នៅពេលនោះ ខ្នាយតាន់ នឹងដុះឡើងដូចជាម្រះ ឬក៏ដុះនាងពួន ក៏មាន។
ខ្នាយតាន់ គឺជាវត្តុស័ក្តិសិទ្ធដ៏កម្រមួយ ដែលខ្មែរមានជំនឿជាយូរលង់រាប់ពាន់ឆ្នាំណាស់មកហើយ ហើយរបស់នេះ ភាគច្រើនគឺត្រូវបានបន្សល់ទុកតាំងពីសម័យបុរាណមក។ ខ្នាយតាន់ តែងតែត្រូវបានគេដាក់ជាប់នឹងខ្លួន ដោយធ្វើជាបន្តោងខ្សែក សម្រាប់ជាវត្ថុស័ក្តិសិទ្ធការពារខ្លួន។
នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ការប្រើប្រាស់ ខ្នាយតាន់ជ្រូកព្រៃនៅតែទីពេញនិយម។ ដោយសារតែជំនឿលើភាពស័ក្តិសិទ្ធនៃខ្នាយតាន់ និងជាវត្ថុកម្រផងនោះធ្វើអោយវាមានតម្លៃខ្ពស់នៅលើទីផ្សារ។
ដោយហេតុនេះហើយ ទើបមានជនខិលខូចមួយចំនួន បានយកខ្នាយតាន់ (ពីសត្វដែលគេសម្លាប់ ឬឆ្អឹងគោ ឬឆ្អឹងសត្វ
ផ្សេងៗ) មកកែច្នៃធ្វើឲ្យដូចជា ខ្នាយតាន់ ដើម្បីបោកប្រាស់អ្នកជាវ។ ក្រៅពីនេះ ក៏មានអ្នកនិយម ពាក់ខ្នាយតាន់ (ធម្មតាៗ គ្មានភាពស័ក្តិសិទ្ធ) ក្នុងន័យជាគ្រឿងអលង្ការ ដូចជាគ្រឿងអលង្ការដទៃទៀតផងដែរ៕
0 Comments