ក្រុមតាលីបង់ អរគុណពិភពលោក ចំពោះការប្ដេជ្ញាផ្ដល់ជំនួយ ប៉ុន្ដែជំរុញអាមេរិក ឲ្យបង្ហាញទឹកចិត្ដ ចេញពីបេះដូង



BBC៖ ក្រុមតាលីបង់ បានថ្លែងអំណរគុណពិភពលោក ដែលបានសន្យាផ្តល់ជំនួយ សង្គ្រោះបន្ទាន់ រាប់រយលានដុល្លារ ដល់អាហ្វហ្គានីស្ថាន ហើយបានជំរុញឱ្យ សហរដ្ឋអាមេរិកបង្ហាញ“ ទឹកចិត្តចេញពីបេះដូង” ចំពោះប្រទេសក្រីក្រមួយនេះ។


សន្និសីទ អ្នកបរិច្ចាគមួយ នៅទីក្រុងហ្សឺណែវ បានបញ្ចប់ដោយការសន្យា ផ្តល់ជំនួយចំនួន ១,២ ពាន់លានដុល្លារ សម្រាប់អាហ្វហ្គានីស្ថាន ដែលត្រូវបានកាន់កាប់ ដោយក្រុមរឹងរូសតាលីបង់ កាលពីខែមុននៅក្នុងការវាយប្រហារ យ៉ាងឆាប់រហ័ស ដែលបានធ្វើឱ្យកងទ័ពអាមេរិក ដកថយ ដោយការភ្ញាក់ផ្អើលបំផុត។


អាហ្វហ្គានីស្ថាន ដែលពឹងផ្អែកយ៉ាងខ្លាំង លើជំនួយកំពុងប្រឈមមុខនឹង វិបត្តិសេដ្ឋកិច្ច ដោយអាជ្ញាធរថ្មីមិនអាចបើកប្រាក់ខែ និងថ្លៃម្ហូបអាហារបានកើនឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។


លោក Amir Khan Muttaqi រដ្ឋមន្រ្តីក្រសួងការបរទេស ស្តីទីរបស់របបនេះបានប្រាប់សន្និសីទសារព័ត៌មានថា ក្រុមតាលីបង់ នឹងចំណាយលុយរបស់ម្ចាស់ជំនួយដោយឈ្លាសវៃ ហើយប្រើវាដើម្បីកាត់បន្ថយភាពក្រីក្រ។


លោក Muttaqi បានលើកឡើងថា“ យើងសូមអរគុណ និងស្វាគមន៍ការសន្យារបស់ពិភពលោក ចំពោះជំនួយប្រហែលមួយពាន់លានដុល្លារ ហើយសុំឱ្យពួកគេបន្តផ្តល់ជំនួយដល់អាហ្វហ្គានីស្ថាន” ។


លោកក៏បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន បង្ហាញការកោតសរសើរ ចំពោះក្រុមតាលីបង់ ដែលអនុញ្ញាតឱ្យយោធាអាមេរិក បញ្ចប់ការដកកងទ័ព និងជម្លៀសប្រជាជនជាង ១២ ម៉ឺននាក់កាលពីខែមុន៕

Post a Comment

0 Comments