គេហទំព័រ មួយរៀល

អាជ្ញាធរខេត្តឧត្ដរមានជ័យ ដឹកនាំមន្រ្តីរាជការក្រោមឱវាទ អុចធូបបួងសួងសុំសេចក្ដីសុខព្រះគណេស នៅបរិវេណសួនច្បារក្រុងសំរោង



(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងលោកជំទាវ និងឯកឧត្ដម ស៊ីប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្រ្តីរាជការក្រោមឱវាទ អុចធូបបួងសួងសុំសេចក្ដីសុខ ព្រះគណេស នៅបរិវេណសួនច្បារក្រុងសំរោង និងក្នុងបរិវេណបឹងស្នោរ។

ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ការអុចធូបនាព្រឹកនេះដែរ គឺក្នុងគោលបំណងឧទ្ទិសដល់បារមី វត្ថុស័កសិទ្ធទាំងអស់ក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្តឧត្ដរមានជ័យ ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល ឲ្យជៀសផុតពីរោគភ័យទាំងពួង ពិសេសជំងឺកូវីដ-១៩។ ក្រៅពីនោះ ព្រមទាំងឧទ្ទិសកុសលផលបុណ្យទាំងឡាយជូនដល់បុព្វការីជនមានយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិឲ្យឆ្លងផុតពីភពខ្មៅងងឹត និងសង្គ្រាមរ៉ាំរ៉ៃអស់កាលជាយូរឆ្នាំ រហូតធ្វើឱ្យប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរហូតមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។ 

ជាចុងបញ្ចប់ ឯកឧត្ដម ប៉ែន កុសល្យ បានធ្វើការអំពាវនាវតាមរយៈការផ្សព្វផ្សាយតាមបណ្ដាញសង្គមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចងចាំ និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យខាងតែបាននូវវិធានការ «៣កុំ និង ៣ការពារ» ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព៕

Post a Comment

0 Comments