មនុស្សរាប់ពាន់នាក់ចូលរួមការតវ៉ានៅទីក្រុងបាងកកដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង



បាងកក៖ កាលពីថ្ងៃព្រហស្បតិ៍ មនុស្សរាប់ពាន់នាក់បានធ្វើការតវ៉ានៅភាគកណ្តាលទីក្រុងបាងកកដើម្បីអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-o-cha) ចុះចេញពីតំណែង និងបាននិយាយថាពួកគេនឹងតវ៉ាជារៀងរាល់ថ្ងៃរហូតទាល់តែលោកលាឈប់។


ការតវ៉ានោះគឺស្ថិតក្នុងចំណោមការប្រមូលផ្តុំដ៏ធំបំផុតក្នុងឆ្នាំនេះបើទោះបីជាមានការព្រមានពីប៉ូលិសថាការតវ៉ាត្រូវបានហាមឃាត់ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ។


ការតវ៉ាប្រឆាំងនឹងលោក ប្រាយុទ្ធ មានសន្ទុះកើនឡើងចាប់តាំងពីចុងខែមិថុនា នៅពេលដែលក្រុមដែលទាមទារឲ្យលោកចុះចេញពីតំណែងកាលពីឆ្នាំមុនបានត្រឡប់មកវិញជាមួយការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋដែលកំពុងមានខឹងសម្បារដោយសារស្ថានភាពជំងឺកូវីដ-១៩កាន់តែអាក្រក់ទៅៗ។


ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង១.២លាននាក់ និងមានអ្នកស្លាប់សរុបជាង១២,០០០នាក់ចាប់តាំងពីជំងឺនេះចាប់ផ្តើមផ្ទុះឡើងកាលពីឆ្នាំមុនមក ហើយភាគច្រើននៃករណីឆ្លងនិងស្លាប់បានកើតឡើងចាប់តាំងពីខែមេសាឆ្នាំនេះមក។


ការតវ៉ានេះក៏ត្រូវបានធ្វើឡើងខណៈពេលដែលលោក ប្រាយុទ្ធ កំពុងប្រឈមមុខនឹងការជជីកសួរនៅសភាក្នុងការពិភាក្សាដេញដោលដែលបានចាប់ផ្តើមកាលពីដើមសប្តាហ៍នេះ។ គណបក្សប្រឆាំងបានចោទប្រកាន់លោកនិងរដ្ឋមន្ត្រីចំនួន៥រូបទៀតថាបានប្រព្រឹត្តអំពើពុករលួយ, គ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ និងធ្វេសប្រហែសក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។


លោក ប្រាយុទ្ធ និងរដ្ឋមន្ត្រីរបស់លោកបានបដិសេធចំពោះការចោទប្រកាន់នោះ និងបានផ្តល់ការការពារនៅមុខសភា។ ហើយពួកគេត្រូវបានគេរំពឹងថានឹងរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ដោយសារគណបក្សកាន់អំណាចមានសម្លេងភាគច្រើននៅសភា ប៉ុន្តែក្រុមបាតុករបាននិយាយថាពួកគេនឹងបន្តការដាក់សម្ពាធទៅលើលោក ប្រាយុទ្ធ៕


ប្រភព៖ CNC

Post a Comment

0 Comments