គេហទំព័រ មួយរៀល

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន



តាកែវ៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៥០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានបង្ក្រាបករណីជួញដូរ នូវសារធាតុញៀន ដោយខុសច្បាប់ ០១ករណី នៅចំណុចភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ មានឈ្មោះ លី តុលា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ(មុខសញ្ញាសកម្ម)។ 

ក្រោយ ឃាត់ខ្លួនជនសង្ស័យខាងលើ ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានដឹកនាំកម្លាំង បន្តស្រាវជ្រាវបង្ក្រាបបក្ខពួកជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ បានចំនួន ០២នាក់ ទៀត រួមមាន ទី១ឈ្មោះ កាន់ ថាវី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស(ឃាត់ខ្លួននៅស្រុកព្រៃកប្បាស) និងទី២ឈ្មោះ មី ម៉េន ភេទប្រុស អាយុ៣៤ឆ្នាំ  មុខរបរមិនពិតប្រាកដ រស់នៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ( ឃាត់ខ្លួននៅស្រុកបាទី)។ 

ករណីនេះកម្លាំងជំនាញដកហូតបានម៉្សៅក្រាមពណ៌សថ្លាចំនួន ០៥កញ្ចប់ធំ ម៉ូតូ ០៣គ្រឿង ទូរស័ព្ទដៃ០២គ្រឿង ។ 

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕

Post a Comment

0 Comments