ខេត្តបាត់ដំបង៖ សំណុំរឿងស្ត្រីចំណាស់ ១នាក់ដែលបង្កការភ្ញាក់ផ្អើលឆបោកលុយដើមបណ្តឹងចំនួន ៧០ម៉ឺនដុល្លាអាមេរិកក្នុងក្រុងបាត់ដំបង ត្រូវតុលាកាសម្រចឃុំខ្លួន។
កម្លាំងទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១នេះថា ស្ត្រីជាអាជីវករវ័យចំណាស់ម្នាក់ ដែលកម្លាំងសមត្ថកិច្ចចុះអនុវត្តច្បាប់តាមដីកាបញ្ជាឲ្យចូលខ្លួន ពីបទឆបោកលុយចំនួន ៧០ម៉ឺនដុល្លា ក្រោយបញ្ជប់ការសាកសួររយ:ពេល ៣ថ្ងៃ ត្រូវបានតំណាងអយ្យកាអមសាលាដំបូងខេត្តបាត់ដំបង សម្រេចបញ្ជូនទៅឃុំខ្លួនជាស្ថាពរហើយ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២១កន្លងមកនេះ។
ប្រភពដដែលបន្ថែមថា ករណីខាងលើជនល្មើសឈ្មោះគុម្ព វង់ម្នី មានទីលំនៅក្នុងភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង
អាចប្រឈមនឹងការជាប់ពន្ធនាគាពី ១- ៣ឆ្នាំ។
ការនាំខ្លួនស្ត្រីជនសង្ស័យរូបនេះបានធ្វើឡើងកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ អនុវត្តតាមដីកាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បន្ទាប់ពីជនរងចោទមិនព្រមទទួលដីការ និងមិនព្រមចូលឆ្លើយបំភ្លឺ ១លើក ជា២លើក តាមពាក្យបណ្តឹងរបស់ដើមបណ្តឹងឈ្មោះ សរ សុវណ្ណារ៉ា រស់នៅក្នុងកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបងដូចគ្នា បន្ទាប់ពីស្ត្រីចំណាស់នេះនិយាយបញ្ចុះបញ្ចូល ដោយកុហកខ្លួនថាមានក្មួយស្រីឈ្មោះ ជិន ស្រីម៉ិច និង ជិន ស្រីម៉ី ដែលពួកគេដេញថ្លៃបាន ក្នុងការដឹកជញ្ជូនស៊ីម៉ង់ត៍ពីក្រុមហ៊ុន ជីប ម៉ុង ( យោងតាមការរៀបរាប់របស់ពាក្យបណ្តឹងជនរងគ្រោះ )។
ខ្លឹមសារនៃពាក្យបណ្តឹងបញ្ជាក់បន្តថា ស្ត្រីជាអាជីវករខាងលើបានលើកដែរថា បើសិនជាគាត់ ( សរ សុវណ្ណារ៉ា ) ចាប់អារម្មណ៍ អ្នកស្រីមានបុងលក់ជូនដើម្បីបានសិទ្ធក្នុងការដឹកជញ្ជូនទំនិញខាងលើនេះ ដោយបុងមួយលក់ក្នុងតម្លៃ ១ ៤០៤ដុល្លា បើឈ្មោះ សរ សុវណ្ណារ៉ា ទិញគឺមួយបុងចំណេញលុយបានចំនួន ៣៥ដុល្លា គឺរៀងរាល់រយ:ពេល ១៥ថ្ងៃទូទាត់បើកលុយម្តង។
ក្រោយពីស្តាប់ និងពិចារណារួចរាល់គាត់ ( សរ សុវណ្ណារ៉ា ) បានយល់ព្រមទិញបុងទាំងនោះ ដោយចាប់ផ្តើមគិតទិញចាប់ពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ រហូតថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ កន្លងមកនេះ បុងដែលគាត់ទិញបានសរុបចំនួន ៥០០បុង ស្មើនឹងតម្លៃ ៧០២ ០០០ដុល្លាអាមេរិក ប៉ុន្តែសាច់ប្រាក់ដែលខ្លួនចំណាយ ក្នុងការទិញបុងត្រឹមតែសាច់ប្រាក់ចំនួន ៤១៧ ៨៧៥ ដុល្លាប៉ុណ្ណោះ ចំណែកឯទឹកប្រាក់ដែលចំណេញចំនួន ២៨៤ ១២៥ ដុល្លា លោកមិនបានបើកយកមកទុកឡើយ ដោយបានផ្ទេរទៅទិញបុងបន្ថែមទៀត រហូតដល់ចំនួន ៥០០បុង។
ក្រោយមកនៅអំឡុងខែមេសា ឆ្នាំ ២០២១ ឈ្មោះ សរ សុវណ្ណារ៉ា បានយកបុងខាងលើទៅទូទាត់បើកប្រាក់ជាមួយក្រុមហ៊ុន ជីប ម៉ុង ប៉ុន្តែខាងភាគីក្រុមហ៊ុនអះអាងថា បុងខាងលើនេះគឺជាបុងហ្វូតូកូពី ព្រោះលេខមុខទំនិញមានលេខរៀងដូចគ្នាដដែលៗ ពេលនោះទើប សរ សុវណ្ណារ៉ា បានដឹងថាគាត់ចាញ់បោកគេហើយ ដោយជនឆបោកបានយកបុងដែលខ្លួនបានទូទាត់ម្តងរួចហើយ មកហ្វូតូកូពីរួចលក់ឲ្យរូបលោក ធ្វើឲ្យគាត់កើតទុកមិនសុខចិត្តបានចូលដាក់ពាក្យបណ្តឹងដល់សាលាដំបូងតែម្តង ដើម្បីឲ្យប្រព័ន្ធច្បាប់ជួយរកយុត្តិធម៌ឲ្យ៕
0 Comments