គេហទំព័រ មួយរៀល

យុវជនដើររើសអេតចាយនាពេលយប់ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់មិនទាន់ដឹងមូលហេតុ



រាជធានីភ្នំពេញ៖ យុវជន២នាក់ខណៈកំពុងនាំគ្នាដើររើសអេតចាយ ត្រូវបានជនមិនស្គាល់មុខមកបាញ់ប្រហារមួយគ្រាប់បណ្ដាលឱ្យត្រូវយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ៌ម ចំណែកជនដៃដល់បានគេចខ្លួនបាត់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ 

បន្ទាប់មកក៏មានបុរសម្នាក់បើករថយន្តឡិចសុីសមួយគ្រឿង ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណ:ដឹកជនរងគ្រោះមកដល់មន្ទីពេទ្យ លោកគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក៏ដឹកតាមរថយន្ដមកទំលាក់សពនៅមុខវត្តសុភាឃួន ក្នុងសង្កាត់ចោមចៅទី៣ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិនិងសមត្ថកិច្ច ។

សពជនរងគ្រោះមានឈ្មោះ ខឿន វាន់ដឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបរើសអេតចាយ ស្នាក់នៅម្តុំក្រោយផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ស្រកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

តាមការរៀបរាប់ពីបងស្រីជនរងគ្រោះបានប្រាប់ឲ្យដឹងថា កន្លងប្អូនប្រុសរបស់គាត់តែងតែដើររើសអេតចាយជាមួយមិត្តភក្កិរាល់យប់រៀងរាល់ថ្ងៃ ហើយមុនកើតហេតុប្អូនរបស់គាត់បានចេញដើររើសអេតចាយជាមួយមិត្តភក្កិជាធម្មតាដូចសព្វរាល់ដង លុះភ្លឺឡើងទើបត្រឡប់មកផ្ទះវិញ ។

បើតាមការអះអាងពីបុរសម្នាក់ជាអ្នកបើករថយន្ត ឡិចសុីសមួយគ្រឿងបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តឆ្លងកាត់នៅចំណុចកើតហេតុខាងលើ ហើយក៏ប្រទះឃើញយុវជនម្នាក់កំពុងបីជនរងគ្រោះ ដោយមានឈាមជាប់ខ្លួន ពេលនោះរូបគាត់ក៏បានសួរនាំ ហើយយុវជនខាងលើបានបានប្រាប់រូបគាត់ថា ជនរងគ្រោះត្រូវបានបាញ់១គ្រាប់ ចំខ្នងខាងក្រោងខាងស្តាំ ភ្លាមនោះរូបគាត់បានឲ្យលើកជនរងគ្រោះ ដាក់លើរថយន្តរបស់គាត់ ដើម្បីជួយដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណ:កំពុងដឹកជនរងគ្រោះទៅពេទ្យ ក៏ប្រទះនិងយុវជនម្នាក់ទៀតដែលអះអាងថាជាមិត្តភក្កិជនរងគ្រោះ រួចរូបគាត់ក៏ឱ្យឡើងជិះលើរថយន្តទៅជាមួយគ្នាពេលមកដល់មន្ទីរពេទ្យឯកជនជាច្រើនកន្លែង ដោយលោកគ្រូពេទ្យមិនហ៊ានទទួលរួចប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចរូបគាត់ដឹកសពតាមរថយន្ដមកវិញដោយមិនដឹងយកទៅដាក់ទីណា ទើបសម្រេចដឹកសពយកមកទុកនៅមុខវត្តសុភាឃួន តែម្តងទៅ ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនម្ចាស់រថយន្ត រួមទាំងយុវជនម្នាក់ទៀត ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសួរនាំបន្ត ងាយស្រួលសមត្ថកិច្ចធ្ធ្វើការស្រាវជ្រាវ តាមចាប់ជនដៃដល់មកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ ។

ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើកុសលវិច័យ និង លោកគ្រូពេទ្យមកពិនិត្យសំណាក ងាយស្រួលប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Post a Comment

0 Comments