កាលពីរសៀលថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ ២០២១ នេះ ឯកឧត្ដមវេជ្ជបណ្ឌិត គីមសួរ ភិរុណ ជាទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញអមដំណើរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេន និងផ្ដល់ជូនលោកតា លោកយាយ ដែលមានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ។
លោកជំទាវ ក៏បានពាំនាំផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសូមឱ្យរក្សានូវវិធានការពារ របស់ក្រសួងសុខាភិបាលកម្ពុជា ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន និងអញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងមនុស្សចាស់ យុវវ័យ និងកុមារឱ្យបានគ្រប់ៗគ្នា ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានប្រគេនបច្ច័យចំនួន ៥០ម៉ឺនរៀល ដល់ព្រះឧត្តមចរិយា ស៊ាង លាង ព្រះនាគសត្ថាបាឡាត់គណខេត្ត និងជាព្រះអនុគណស្រុកស្ទឹងត្រង់ ។
ក្រៅពីនោះ ក៏បានប្រគេនបច្ច័យ ដល់ព្រះសង្ឃចំនួន ៦អង្គ ១អង្គៗ ២ម៉ឺនរៀល យាយជី តាជីចំនួន ៣៨នាក់ ម្នាក់ៗថវិកា ១ម៉ឺនរៀល ។
លោក ទុន ណេត អភិបាល ស្រុកស្ទឹងត្រង់ បានឲ្យដឹងថា អនុវត្តតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ គេសង្កេតជើញថា បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុក បានស្ម័គ្រចិត្តទៅទទួលបាក់សាំងបង្ការ ជម្ងឺនេះ ជាបន្តបន្ទាប់ ។
ដោយឡែក នៅក្នុងស្រុកស្ទឹងត្រង់យើង ក៏បានរកឃើញ ព្រះសង្ឃមួយអង្គ និងលោកយាយម្នាក់ គឺ លោកយាយ អ៊ុច ស្រឿន អាយុ ១០២ឆ្នាំ រស់នៅភូមិព្រះអណ្ដូងទី២ ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ និងព្រះអង្គ ព្រះនាម កង យឹម ព្រះជន្ម ១០៨ព្រះវស្សា ដែលជាព្រះគ្រូចៅអធិការវត្តជម្ពូទិព្វវ័ន ហៅវត្តវាលបំពង់ ស្ថិតនៅភូមិវាលបំពង់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទទួលការលើកទឹកចិត្ត ពីសម្ដេចតេជោ ដែលពេលនេះ លោកជំទាវរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រគល់ និងប្រគេន អំណោយរបស់សម្តេចតេជោ នូវថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធ ប្រេងឆា ដល់លោកយាយ និងព្រះអង្គ ផងដែរ ៕
0 Comments