គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ពិតជាមិនធម្មតាមែន! មេឈ្មួញឈើដុះស្លែឈ្មោះធួក និង បក្សពួកបានយកសាំងដុតរថយន្តដើម្បីរំដោះខ្លួនចេញយ៉ាងគគ្លើនគ្មានញញើតសមត្ថកិច្ចអ្វីបន្តិចសោះ



(កំពង់ធំ) ៖ នៅវេលាម៉ោងប្រមាណ២និង១៥នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មេឈ្មួញឈើប្រចាំស្រុកសន្ទុកឈ្មោះធួក ដែលគេល្បីថាជាឈ្មួញដុះស្លែ ត្រូវជាប់អន្ទាក់សមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមបញ្ជារបស់ លោក តិប ញាតា នាយអធិការ និង លោក ហោ ភាជ នាយរងអធិការខាង ជើងបឹងទន្លេសាប សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមជាមួយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ក្រោមការសម្របសម្រួលដោយលោក សាយ វាសនាព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។

ប៉ុន្តែត្រូវបានឈ្មោះធួក និង បក្សពួករើឈើទំលាក់ពីលើឡាន ហើយយកសាំងដុតបំភ័យសមត្ថកិច្ច ដើម្បីរំដោះរថយន្តចេញ យ៉ាងគគ្លើន ដោយមិនញញើតច្បាប់នោះឡើយ ។ រថយន្តដែលឃាត់នោះជាប្រភេទរថយន្តកូរ៉េ៣តោន ដឹកប្រភេទឈើចម្រុះ ចេញពីតំបន់ព្រៃអង់តែន ជាឈើមិនគ្រប់អាយុ ដែលរដ្ឋបាលព្រៃឈើហាមឃាត់ ។

បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដោយឡែករថយន្តត្រូវបានជនល្មើសឈ្មោះធួក និង បក្សពួកបើករត់គេចបាត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងតែកសាងសំណុំរឿង ដើម្បីស្វែងរករថយន្ត និង បុគ្គលឈ្មោះ ធួក ព្រមទាំងបក្សពួក យកមកចំណាត់ការតាមនីតិវិធីច្បាប់ ៕

Post a Comment

0 Comments