ភ្នំពេញ៖ ពីរនាក់ប្តីប្រពន្ធរើសអេតចាយ អង្គុយហូបស្រានៅមុខហាងមួយកន្លែង មួយសន្ទុះក្រោយមក ស្រាប់តែស្រ្តីជាប្រពន្ធ បានស្លាប់ ដោយមិនដឹងមូលហេតុ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។
កើតហេតុខាងលើនេះ ស្ថិតនៅតាមបណ្តោយផ្លូវ២០៥ ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ោង១១ព្រឹកខ្លួនបានឃើញ ប្តីប្រពន្ធមួយគូរខាងលើ បានឌុបគ្នាមកទល់មុខហាង លក់សំបុត្រយន្តហោះមួយកន្លែង ស្រាប់តែប្រពន្ធរបស់បុរសខាងលើនោះ មានសភាពទន់ខ្លួន ដូចមនុស្សសន្លប់ ។
ប្រភពបានបន្តថា បន្ទាប់ពីបុរសជាប្តីមកដល់ទីតាំងខាងលើ ក៏បានទម្លាក់ប្រពន្ធរបស់ខ្លួនលើចិញ្ចើមផ្លូវមុខហាង រួចយកជើងរបស់ខ្លួនគោះប្រពន្ធដាស់ឲ្យភ្ញាក់ តែស្ត្រីខាងលើមិនមានកាយវិការបន្តិចសោះ បុរសខាងលើក៏បានបន្តដាស់ ដោយស្រែកស្តីឲ្យប្រពន្ធ ប៉ុន្តែស្ត្រីខាងលើមិនភ្ញាក់រហូតដល់ម៉ោង១ថ្ងៃត្រង់ ទើបដឹងថាស្ត្រីខាងលើបាត់បង់អាយុជីវិត។
លុះអំឡុងម៉ោង១ទើបបុរសជាប្តី បានជិះម៉ូតូទៅទិញទឹកពណ៌ក្រហមមួយដបមកដាក់ក្បែរខ្លួន សង្ស័យជាស្រា រួចខ្លួនបានអង្គុយហូប ក្បែរសពប្រពន្ធរបស់ខ្លួនតែម្តង។
សពស្ត្រីខាងលើមានឈ្មោះ វណ្ណ ស្រីនាង ហៅ ចាន់ នី អាយុ៤០ឆ្នាំ មុខរបររើសអេតចាយ និង ប្តីឈ្មោះ ស៊ុន តារា អាយុ៤៤ មុខរបររើសអេតចាយ អ្នកទាំងពីរ មានទីលំនៅមិនពិតប្រាកដ ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើកំណត់ហេតុ ដើម្បីរង់ចាំផ្នែកកោសល្យវិច័យ ទើបប្រគល់សពឲ្យទៅខាងសង្កាត់រៀបចំបូជាទៅតាមប្រពៃណី ៕
0 Comments