ខេត្តកំពង់ចាម៖ ម៉ាស៊ីនផលិតអុកស៊ីសែន ដែលជាអំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បានរៀបចំតំឡើង នៅមន្ទីរពេទ្យខេត្តកំពង់ចាម កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា បន្ទាប់ពីតំឡើងម៉ាស៊ីននេះរួចហើយ ខេត្តកំពង់ចាម នឹងចាប់ផ្តើមដំណើរការផលិតខ្យល់អុកស៊ីសែនដោយខ្លួនឯងហើយ ពោលគឺ លែងទៅទិញ និងដឹកជញ្ជូនពីភ្នំពេញ ទៀតហើយ ។
ឯកឧត្ដមបន្តថា តាមការប៉ាន់ប្រមាណម៉ាស៊ីនខាងលើនេះ នឹងអាចផលិតអុកស៊ីសែន ជាមធ្យមក្នុងមួយថ្ងៃបានប្រមាណជា ៣០០បំពង់ ខណៈដែលម៉ាស៊ីនមួយគ្រឿងមានសមត្ថភាព ផលិតអុកស៊ីសែន បានក្នុងមួយម៉ោងចំនួន១០បំពង់នោះ ។
បើតាមលោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធាមន្ទីរពេទ្យខេត្តកំពង់ចាម បានឲ្យដឹងថា ក្រៅពីសមិទ្ធផលខាងលើ នាពេលថ្មីៗកន្លងទៅនេះ មន្ទីរពេទ្យខេត្ត ក៏បានរៀបចំផ្នែកមន្ទីរពិសោធន៍០១កន្លែង ដើម្បីពិនិត្យសំណាកវិភាគមេរោគកូវីដ១៩ ដោយប្រើប្រាស់ម៉ាស៊ីនកម្រិតមធ្យម អាចពិនិត្យបានមួយថ្ងៃចំនួន១០០ករណី ។
បច្ចុប្បន្នមន្ទីរពេទ្យកំពុងធ្វើការសាកល្បង ដែលលទ្ធផលទាំងអស់ ត្រូវបានយកទៅផ្ទៀងផ្ទាត់ នៅវិទ្យាស្ថានប៉ាស្ទ័រ និងវិទ្យាស្ថានសុខភាពសាធារណៈ មួយរយៈសិន រហូតដល់មានលទ្ធផលដូចគ្នា ទើបមន្ទីរពិសោធន៍ខេត្តកំពង់ចាម នឹងមានលទ្ធភាព ចេញលទ្ធផលដោយផ្ទាល់អំពីវីរុសជម្ងឺកូវីដ១៩ ៕
0 Comments