គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សូមប្រុងប្រយ័ត្ន! ក្រៅពីធ្វើឲ្យខូចសួត ជំងឺកូវីដ-១៩ ក៏អាចនាំឲ្យកើតអាការៈគាំងបេះដូង



សុខភាព៖ គ្នាយើងតែងគិតថា ជំងឺកូវីដ-១៩ ជាជំងឺដែលពាក់ព័ន្ធនឹងសួត ដោយសារតែអ្នកជំងឺភាគច្រើនតែងតែប្រឈមនឹងអាការៈដកដង្ហើមខ្លីៗ ឬពិបាកដកដង្ហើម។ ប៉ុន្តែយោងតាមការសិក្សាជាបន្តបន្ទាប់ បានបង្ហាញថា ជំងឺកូវីដ-១៩ ក៏អាចវាយប្រហារដល់បេះដូងរបស់យើងដូចគ្នា។


ជំងឺកូវីដ-១៩ប៉ះពាល់ដល់បេះដូងដោយរបៀបណា?

ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា អ្នកជំងឺជាច្រើនដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ប្រឈមនឹងការខូចខាតបេះដូង ដែលបង្កឡើងដោយវីរុស ដោយសារតែការរលាក ទោះជាអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ យោងតាមការសិក្សាមួយរបស់ប្រទេសអាល្លឺម៉ង់ បានបង្ហាញថា មនុស្សចំនួន៧៦% ដែលកើតជំងឺកូវីដ-១៩ ត្រូវបានរងការខូចខាតបេះដូងដែលស្រដៀងទៅនឹងការខូចខាតដោយការគាំងបេះដូងដូចគ្នា។


ជាក់ស្ដែង ជំងឺកូវីដ-១៩ អាចបង្កឲ្យមានការរលាកសាច់ដុំបេះដូងជាបន្តបន្ទាប់ចំពោះមនុស្សចំនួន៦០%ដែលបានជាសះស្បើយពីជំងឺ។ ចំណែកឯការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា ជំងឺកូវីដ-១៩ អាចបង្កើនហានិភ័យមានដុំកំណកឈាម ដែលអាចបំផ្លាញបេះដូង ឬបង្កជាអាការៈគាំងបេះដូងចំពោះមនុស្សមួយចំនួន។


ក្រុមមនុស្សបែបណាមានហានិភ័យខ្ពស់?

អ្នកដែលមានអាយុចាប់ពី៦៥ឆ្នាំ ឬលើសពីនេះ ឬអ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃអាចប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺបេះដូងដោយសារតែវីរុសកូវីដ-១៩។ យ៉ាងណាមិញ មនុស្សវ័យក្មេង និងអ្នកដែលមានសុខភាពល្អក៏អាចរងផលប៉ះពាល់ដូចគ្នា។


រោគសញ្ញាទូទៅនៃអាការៈគាំងបេះដូងមានដូចខាងក្រោម៖


ឈឺចាប់ ឬមានសម្ពាធនៅក្នុងទ្រូងរយៈពេលពីរបីនាទី

ឈឺចាប់នៅខ្នង ក ថ្គាម ឬដៃម្ខាង ឬទាំងសងខាង

ដកដង្ហើមខ្លីៗ

បែកញើស

វិលមុខ

ចង្អោរ

រាល់អ្នកជំងឺដែលកើតមានអាការៈគាំងបេះដូង តែងប្រឈមនឹងរោគសញ្ញាខាងលើ។ ប៉ុន្តែ រោគសញ្ញាដែលច្រើនតែកើតលើអ្នកជំងឺវ័យចំណាស់ និងស្ត្រី រួមមាន៖

ដកដង្ហើមខ្លីៗ

ចង្អោរ និងក្អួត

អស់កម្លាំងធ្ងន់ធ្ងរ៕


ប្រភព៖ www.hellokrupet.com

Post a Comment

0 Comments