រាជធានីភ្នំពេញ៖ បុរសជាប្តីបានប្រើទារុណកម្មទៅលើប្រពន្ធ ដោយយកខ្សែភ្លើងចងជើងប្រពន្ធរបស់ខ្លួន បន្ទាប់មកក៏បានយកកាំបិតចុងស្រួចចាក់សំដៅទៅលើបំពង់ក របស់ប្រពន្ធ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត រួចមកខ្លួនជាប្ដីក៏បានយកកូនកាំបិត ចាក់សម្លាប់ខ្លួនតាមក្រោយស្លាប់ភ្លាមៗដែរ នៅកន្លែងកើតហេតុទាំងពីរនាក់ប្ដីប្រពន្ធដោយសារតែភ្លើងប្រច័ណ្ឌ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុង៤៥BT ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកូនស្រីទី២បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនកំពុងតែគេង ស្រាប់តែលឺសម្លេង ប្រទូសសារាយគ្នា នៅក្នុងបន្ទប់គេងរបស់ឪពុកម្តាយ ក៏ឡើងទៅមើល ឃើញម្តាយដេកផ្កាប់មុខនៅក្រៅបន្ទប់បាត់ទៅហើយ រីឯជើងទាំងពីរ ជាប់ចំណងជាមួយនឹងខ្សែភ្លើង ឃើញដូចនេះ ខ្លួនស្ទុះទៅឱបម្តាយរួចបីត្រកង ឲ្យផ្ងារមុខឡើងស្រាប់តែដឹងថាម្តាយផុតដង្ហើម ខ្លួនបានរត់ចុះទៅបិទភ្លើងបារ៉ែដនៅក្រោមផ្ទះ លុះឡើងមកលើវិញស្រាប់តែឃើញឪពុក កំពុងតែចាក់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ ដោយប្រើកាំបិតចុងស្រួច( ដងពណ៌លឿង ) ។
បុរសជាប្តីមានឈ្មោះ ឡោ សុធាវី អាយុ៦០ឆ្នាំ មុខរបរជាអតីតយោធិនពិការ រីឯស្ត្រីជាប្រពន្ធឈ្មោះ អាង ស៉ីគូ អាយុ៥២ឆ្នាំ មុខរបរមេផ្ទះ មានកូន៤នាក់ ស្រី៣នាក់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងផ្ទះកើតហេតុខាងលើ ធ្វើការពិនិត្យទៅលើសាកសពរួច ហ៊ុព័ទ្ធខ្សែដើម្បីរង់ចាំ សមត្ថកិច្ចជំនាញមកធ្វើកោសល្យវិចយ ស្រាវជ្រាវជាបន្ត ចំណែកសព រង់ចាំក្រុមគ្រូពេទ្យមកយកសំណាក ស្វែងរកមេរោគកូវីដ-១៩ ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
0 Comments