ទីតាំង លក់ហ្គាសគ្មានស្តង់ដាបច្ចេកទេសត្រឹមត្រូវ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញណែនាំមន្រ្តីជំនាញអោយត្រួតពិនិត្យ និងលុបបំបាត់














ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ទីរជំនាញ ពាក់ព័ន្ធត្រូវលុបបំបាត់កន្លែងលក់ហ្គាសបែបអាណាធិបតេយ្យអោយអស់ពីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។


ជាក់ស្ដែងនៅ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយ និងអាជ្ញាធរខណ្ឌទាំង ១៤ ដើម្បីចុះត្រួតពិនិត្យកន្លែងលក់ហ្គាសនានា ដោយស្វែងយល់ពីទិដ្ឋភាពច្បាប់ សម្ភារៈបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ដើម្បីធានាថា អាជីវកម្មនេះគ្មានផលរំខាន ឬអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងបរិស្ថាន អនាម័យ។


   ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថាបច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានកន្លែងលក់ហ្គាស និងបញ្ជូលហ្គាស ជាច្រើន ហើយកន្លែងខ្លះគ្មានស្តង់ដារបច្ចេកទេស ដោយប្រើប្រាស់ធុងហ្គាសចាស់ៗគ្មានគុណភាព ឬធុងស្តើង ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទាំងអ្នកបញ្ចូល និងអ្នកប្រើប្រាស់។  


ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទាំងអស់ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដ៏ទៃ ហើយយកមកបាញ់ថ្នាំ ដើម្បីប្រើប្រាស់បន្ត ដែលនេះគឺជាហានិភ័យគ្រោះថ្នាក់ខ្ពស់អាចបង្កឱ្យផ្ទុះធុងហ្គាស និងអគ្គិភ័យឆាប់ឆេះផ្ទះសម្បែងជាដើម។


 ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា នៅរាជធានីភ្នំពេញសព្វថ្ងៃនេះ ពុំមែនតែកន្លែងលក់ហ្គាសទេ គឺមានទាំងផលិតហ្គាសថែមទៀត ព្រោះពេលចុះទៅកន្លែងផ្ទុះហ្គាសគឺឃើញមានថ្មស្អុយដែលជាសារធាតុផលិតហ្គាស។ 


     សូមបញ្ជាក់ផងដែរកិច្ចការងារនេះគឺជាសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបើកាលណាបង្កឱ្យមានកន្លែងលក់ហ្គាសអានាធិបតេយ្យកាន់តែច្រើន ហានិភ័យកាន់តែខ្ពស់ចំពោះប្រជាពលរដ្ឋ និងអាជ្ញាធរ ពិបាកក្នុងពេលរថយន្តពន្លត់អគ្គីភ័យចេញទៅសង្គ្រោះ ក៏មានការចង្អៀតដោយសារបញ្ហាចរាចរណ៍ ដែលចំណុចនេះត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់៕

Post a Comment

0 Comments