ខេត្តកណ្តាល ៖ យុវជនម្នាក់ដែលមិត្តភក្តិតែងតែចាត់ទុកថាជាមនុស្សចិត្តល្អ និងរាក់ទាក់អ្នកដទៃណាស់ និងគួរឲ្យស្រលាញ់រាប់អាន ហេីយគោរពចាស់ទុំ ស្គាល់បងស្គាល់ប្អូននោះ បែរជាស្លាប់ទាំងវ័យក្មេង ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីអង្គុយផឹកស៊ីជួបជុំជាមួយមិត្តភក្តិមួយក្រុម ហេីយមិត្តភក្តិ ២នាក់ បានទាស់សម្តីគ្នាក្នុងវង់ផឹកស៊ីនោះ ទេីបជនរងគ្រោះចូលទៅឃាត់កុំអោយឈ្លោះគ្នា លុះពេលជិះម៉ូតូត្រលប់មកវិញ មានម្នាក់ក្នុងចំណោមមិត្តភ័ក្ត ២នាក់ ដែលគេឃាត់នោះគុំកួនជាមួយជនរងគ្រោះជាខ្លាំងមិនដឹងកម្រិតណាទេ ទេីបបណ្ដាលឱ្យគេ មកតាមមករករឿងរួចចាក់ ២ កាំបិតចុងស្រួច បណ្ដាលឲ្យជនរង គ្រោះរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម ហេីយជូនបង្ករក៏រត់គេចខ្លួនបាត់ស្រម៉ោល ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយស្នងការដ្ឋាននគរបាលដ្ឋានខេត្តកណ្ដាល និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ តាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានហេីយ រហូតដល់ខេត្តពោធិ៍សាត់ ។
ហេតុការណ៍ដ៏សាហាវនេះបានបង្ករការភ្ញាក់ដល់អ្នកស្រុកអ្នកភូមិយ៉ាងខ្លាំង ហើយហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ០៦:៤០ នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចក្នុងភូមិក្បាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ លី ពីពី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរជាជាងថតរូប បានរងរបួសចំនួន២កន្លែង ។(មួយកន្លែងចាក់ចំស្លាបប្រចៀវខាងឆ្វេងនិង ១ កន្លែងទៀតចាក់ចំក្រោមក្លៀកខាងឆ្វេងបណ្ដាលឱ្យស្លាប់ក្រោយពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ ) ។
ជនសង្ស័យឈ្មោះ គក សំបូរ ហៅអាធំ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិក្បាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ភូមិកេីតហេតុ) មុខរបរមិនពិតប្រាកដ (ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល ក្រសួង មហាផ្ទៃ បានស្រាវជ្រាវនិងឃាត់ខ្លួនបាន នៅខេត្តពោធិ៍សាត់ បច្ចុប្បន្នកំពុងនាំយកមកសាកសួរនិងចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕
0 Comments