ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោកឯក ឃុនដឿន បានជម្រុញអោយខណ្ឌ សង្កាត់ពង្រឹងលើវិស័យសំណង់អោយបានខ្លាំងក្លា ពោលគឺសំណង់គ្រប់ប្រភេទ ត្រូវតែមានច្បាប់អនុញ្ញាត ជៀសវាងការសាងសង់ផ្ទះមួយ ដែលអត់ច្បាប់ គ្មានអ្នកត្រួតពិនិត្យត្រឹមត្រូវ ពួកគាត់ស្នាក់នៅ មិនបានពីរបីឆ្នាំផង បណ្តាលឲ្យបាក់និងមានមនុស្សស្លាប់ នោះវាជាកំហុសរបស់យើង ដែលជាអាជ្ញាធរ ដូច្នេះទេ ទាំងថ្នាក់ខណ្ឌ ថ្នាក់សង្កាត់ត្រូវតែពង្រឹងរឿងនេះ។
លោក ឯក ឃុនដឿន មានប្រសាសន៍ កាលពីព្រឹកថ្ងៃទី០៣ខែសីហាឆ្នាំ ២០២០ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤របស់ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣នៅសាលាខណ្ឌទួលគោក បានលើកឡើងថា លិខិតអនុញ្ញាតសាងសង់ មន្ត្រីជំនាញត្រូវធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលតាមដាននិងត្រួតពិនិត្យ។ លោកបញ្ជាក់ថា បញ្ហាសំណង់នេះជា បញ្ហាក្តៅដែលយើងត្រូវតែគ្រប់គ្រងឲ្យបាន ។ មន្ត្រីថ្នាក់ខណ្ឌ សង្កាត់ ត្រូវចុះឱ្យដល់ទីតាំងប្រជាពលរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត ពោលគឺ បើសិនជាពួកគាត់សាងសង់ផ្ទះមួយដែលអត់ច្បាប់ គ្មានអ្នកត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ពួកគាត់រស់ នៅបានតែពីរ បីឆ្នាំផង បណ្ដាលឲ្យ បាក់និងមានមនុស្សស្លាប់ វាជាកំហុសរបស់យើង ជាអាជ្ញាធរ។ ដូច្នេះទេ ទាំងថ្នាក់ខណ្ឌ ថ្នាក់សង្កាត់ត្រូវតែពង្រឹងរឿងនេះឱ្យបានរឹងមាំ។
លោកលើកជាឧទាហរណ៍ថា ប្រជាពលរដ្ឋមួយរូបបានស្នើសុំការសាងសង់លំនៅដ្ឋានដោយផ្ទាល់មាត់ទៅចៅសង្កាត់ ពួកគាត់ថា សុំអីទៀតបើបានសុំពីចៅសង្កាត់ហើយនោះ លោកថា មិនត្រូវឲ្យមានហេតុការណ៍បែបនេះកើតឡើងទៀតទេ ។ទាមអោយទាំងថ្នាក់ខណ្ឌ និងសង្កាត់រៀបចំឯកសារពាក្យស្នើសុំរបស់ប្រជាពលរដ្ឋមក កាន់ការិយាល័យច្រកចេញចូលតែមួយខណ្ឌ។ ការធ្វើបែបនេះ ផ្ទះគាត់ត្រូវបានមន្ត្រីជំនាញរបស់យើងចុះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសបានត្រឹមត្រូវ ស្របតាមផ្លូវច្បាប់និងម្យ៉ាងទៀតចៀសវាងបាននូវទំនាស់អ្នកក្បែរខាងផងដែរ។
ក្រៅពីការលើកឡើងខាងលើលោកឯក ឃុនដឿនក៏បានជំរុញឲ្យមន្ត្រីសង្កាត់ធ្វើយ៉ាងណា បំពេញការងារឲ្យបានលឿន ពាក់ព័ន្ធប្រជាពលរដ្ឋក្រីក្រដែលត្រូវទទួលអំណោយពីរាជរដ្ឋាភិបាលក្នុងរដូវកាលកូវីដ_១៩នេះ ។ លោកបញ្ជាក់ថា បើយើងធ្វើរបាយការណ៍កំណត់អត្តសញ្ញាណជនក្រីក្រជូនប្រជាពលរដ្ឋយឺតយ៉ាវនោះ ការទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋក្រីក្រក៏យឺតទៅតាមនោះដែរ ។ មានន័យថា បើបងយើងធ្វើយឺត១ខែ ប្រជាពលរដ្ឋមកបើកប្រាក់ឧបត្ថម្ភក៏យឺតមួយខែដែរ។ ដូច្នេះយើងត្រូវតែរួមគ្នាខិតខំធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសប្រជាពលរដ្ឋក្រីក្រដែលងាយរងគ្រោះទាំងនេះ៕
0 Comments