គេហទំព័រ មួយរៀល

ម្ចាស់ឃ្លាំងស្តុកទំនិញដ៏មានឥទ្ធិពល​ ចំពោះការចតឡានខ្នាតយក្ស​បង្កការកកស្ទះចរាចរណ៍​ ស្ទេីរគ្រប់ពេលវេលា​

 ភ្នំពេញ៖ម្ចាស់ឃ្លាំងស្តុកទំនិញដ៏មានឥទ្ធិពល​ កំពុងបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋ​ ចំពោះការចតឡានខ្នាតយក្ស​បង្កការកកស្ទះចរាចរណ៍​ ស្ទេីរគ្រប់ពេលវេលា​ ។

ម្ចាស់ឃ្លាំងស្តុកទំនិញដ៏ធំមួយនេះ​ ស្ថិតនៅផ្លូវលេខ១៩៩២ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ ។

ប្រជាពលរដ្ឋជាច្រើននាក់មានការត្អួញត្អែរចំពោះឃ្លាំងស្តុកទំនិញដ៏ធំមួយនេះ ដែលធ្វើការចតឡានដឹកទំនិញខ្នាតយក្សរបស់ខ្លួន តាមផ្លូវសាធារណៈ យ៉ាងអនាធិបតេយ្យ បង្កអោយមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ និង​ ចូលផ្ទះរបស់ពួកគាត់។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបង្ហាញអារម្មណ៍ហាក់អស់ជំនឿទៅលើអាជ្ញាធរមូលដ្ឋាន ដែលបណ្តែតបណ្តោយអោយឡានដឹកទំនិញរបស់ឃ្លាំងស្តុកទំនិញមួយនេះ ធ្វើការចតគ្មានសណ្តាប់ធ្លាប់ ដោយប្រជាពលរដ្ឋដាក់ការសង្ស័យថា ទំនងជាត្រូវរ៉ូវគ្នាជាមួយម្ចាស់អាជីវកម្មនេះហើយ​ មេីលទៅ​ ។

អ្វីដែលគួរអោយកត់សម្គាល់នោះគឺ ឡានដឹកទំនិញនេះ ចតនៅចំណីផ្លូវរដ្ឋ បង្កអោយមានការខូចផ្លូវយ៉ាងដំណំផងដែរ។

ជាក់ស្តែង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០​ នេះ ក្រុមការងារសារព័ត៌មាន ចុះទៅកន្លែងឃ្លាំងស្តុកទំនិញនេះផ្ទាល់ សង្កេតឃើញថា ផ្លូវមួយខ្សែប្រវែងប្រហែល២០ម៉ែត្រ ត្រូវបានខូចខាតខ្លះស្ទើរក្លាយភក់ទៅហើយ​ ហើយឡានធំៗ ដឹកទំនិញជាច្រើនគ្រឿងក៏បន្តស្ថិតនៅផ្លូវសាធារណៈនោះជាធម្មតា និងមានឡានដឹកទំនិញចេញ ចូល ជាហូរហែរផងដែរ។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ នៅតែបន្តសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន សូមមេត្តាពិនិត្យមើល និងមានវិធានការច្បាស់លាស់ជាមួយម្ចាស់អាជីវកម្ម ឬ ម្ចាស់ឃ្លាំងស្តុកទំនិញនេះផង កុំបណ្តែតបណ្តោយអោយឡានដឹកទំនិញធំៗ ចតនៅលើផ្លូវសាធារណៈបែបនេះទៀត​ ។

ឆ្លេីយតបក្តីកង្វល់នេះ​ លោក​ ម៉ូវ​ ម៉ានិត​ អភិបាលខណ្ឌសែនសុខ​ ថ្លែងប្រាប់​ថា​ នៅថ្ងៃស្អែក​ទី២៤​ ខែសីហា​ ឆ្នាំ២០២០​ លោកនឹងចាត់ក្រុមការងារអោយចុះទៅដល់ទីតាំងនេះភ្លាម​ ៕





Post a Comment

0 Comments