ច្បាប់ស្រីបណ្ឌិតម៉ឺនម៉ៃបទភុជង្គលីលា

ច្បាប់ស្រី (បណ្ឌិតម៉ឺនម៉ៃ) បទភុជង្គលីលា៖

១- នេះបទកំណត់ចងជា ភុជង្គលីលា ចងជាច្បាប់ស្រី កាលនាងឥរន្ទវតី ចរចាកតាមប្ដី គឺបុណ្ណកយក្សា នាងវិមលាជាមាតា បើកបន្ទូលថា ហៃកូនពិសី នាងនឹងត្រាច់ត្រង់តាមប្ដី ចេញចាកអំពី ពិភពនាគនេះ ។

៥- ទៅឋានមនុស្ស​លោកនាយអេះ ចូរនាងចាំចេះ បម្រើស្វាមី ធ្វើវត្តប្រតិបត្តិប្រក្រតី កុំឱ្យស្វាមី អាក់អន់ចិន្ដា នាងអើយគម្ដែង​ក្រឡា ជាម្ចាស់សិរសា កូនកុំមាក់ងាយ ហៃកូនស្រីមាស​ម្ដាយ ក្រណាស់នាងអាយ តាមដោយច្បាប់ស្រី ក្រមួយមិនបាន​សម្ដី ពាក្យទន់តិចនៃ ឱ្យញាតិចូលចិត្ត ។

១០- ក្រមួយមិនចេះរិះគិត ឃើញញាតិឆ្ងាយជិត ហៅឡើងឆីស្លា ទោះមានមិនមានក្ដីណា ពាក្យផ្អែមចរចា ទើបគេស្រឡាញ់ កុំជួចិត្តស្មូរកំណាញ់ មិនមានអស់អញ នឹងញាតិសន្ដាន កើតយសរបស់ផងបាន កើតសុខក្សេម​ក្សាន្ដ ពីព្រោះកូនស្រី ទោះនឹងនិយាយ​ស្រដី ការកេរ្តិ៍ជាស្រី កុំស្ដីឡេះឡោះ ។

១៥- ថាលេងដូចក្មេងញ៉េះញ៉ោះ ឃើញប្រុសកំលោះ សសៀរចូលជិត សើចព្រៀង​បញ្ឆៀងមិនគិត ប្រុសព្រើលបាន​ចិត្ត វាហ៊ានដោយសារ ហៅស្រីអប្រីយ៍​ឥតការ ឥតមានឥរិយា មារយាទក្នុងខ្លួន សើរើពុំធ្វើនឹងនួន ស្រដីមិនមួន មិនមានអៀនអន់ ឃើញគេបៀតបែរ​គយគន់ សើចសួរចំអន់ ចំអកឱ្យប្រុស ។

២០- ហៅស្រីអប្រីយ៍ទុយ៌ស មិនខ្លាចខ្លួនខុស មារយាទក្រឹត្យក្រម ធ្វើការអង្គុយច្រឡំ នឹងសមពុំសម ផ្សាឯងជាស្រី មិនកោតមិនខ្លាចចិត្តប្ដី ឱ្យប្រុសដទៃ មាក់ងាយប្ដីណា ហៅស្រីឥត​លក្ខណា ឥតមានកិរិយា មារយាទពុំសម ធ្វើការផងណាប្រើខំ ទោះត្បាញចាក់ដំ នាងខំឱ្យហើយ ។

២៥- កុំទុកទៅមុខទៀតឡើយ ថាចាំបង្ហើយ កម្រណាស់ណា ទោះធ្វើហូលគោមព្រែផ្កា ដាក់ត្បាញហើយណា បានស្រេចសឹមធ្វើ ធ្វើឱ្យកើតកេរ្តិ៍ប្រសើរ ហើយកុំឱ្យដើរ លេងផ្ទះគេណា ឱស្ងួនខ្លឹមខ្លួន​រក្សា នាងខំធ្វើការ ទាន់ខ្លួនក្រមុំ មានប្ដីបានអ្វីជាខំ រវល់កូនយំ កម្រចេះឆ្លៀត ។

៣០- ព្រួយចិត្តគំនិត​ចង្អៀត មួយហើយមួយទៀត យំទារតែឆី រឹងព្រួយទាំង​មួយទាំងពីរ រកបានឱ្យឆី ទើបបានបាត់មាត់ ទោះកាន់ការធ្វើឱ្យស្ទាត់ ហូលគោមគាតកាត់ អន្ទងត្បាញទៅ កុំទុកក្នុងស្មុគ​ស្មូញនៅ ក្រែងដល់យូរទៅ ខាតខូចអសារ ហៃកូនស្រីស្ងួន​មាតា ចូរចាំរក្សា កុំភ្លេចស្មារតី ។

៣៥- ចូររករៀនយក​ច្បាប់ស្រី ឱ្យកោតខ្លាចប្ដី គម្ដែងក្រឡា ធ្វើវត្តប្រតិបត្តិសោតណា ឱ្យនាងរក្សាភ្នក់ភ្លើងទាំងបី ឱ្យកាត់ឱ្យគង់​ប្រក្រតី សព្វថ្ងៃកុំបីភ្លេចផ្លុំឱ្យឆេះ ក្រែងរាលដួលដាលព្រាយប្រេះ កើតក្ដៅរលេះរលាយអស់អង្គ ភ្លើងក្រៅកុំនាំទៅក្នុង ឱ្យឆេះបំផ្លុងរឹងផ្លុំបង្កាត់ ។

៤០- ភ្លើងក្នុងមិនប្រុងប្រយត្ន នាំមកបង្កាត់ឱ្យឆេះឯក្រៅ អុជអាលបណ្ដាលឱ្យក្ដៅ​ ដាលដល់កូនចៅអសោចអប្រីយ៍ ឱ្យនាងខំប្រឹង​ស្មារតី មើលភ្លើងទាំងបីរក្សាឱ្យគង់ ភ្លើងនោះឱ្យគុណពុំលង់ នឹងឱ្យឧត្ដុងឧត្ដមកន្លង កើតយសរបស់​ទ្រព្យផង បរិបូរឥតហ្មងប្រសើរក្ដាត់ណា ។

៤៥- ភ្លើងមួយនោះឱ្យ​រក្សា គឺគុណមាតា បិតាស្ងួនគ្រង ឱ្យនាងធ្វើដោយ​គន្លង ប្រណិប័តន៍កុំ​ឆ្គង នឹងម្ដាយឪពុក ឱ្យខំថែទាំ​ញ៉ិកញ៉ក់ ចំណីចំណុក ចំណង់អាត្មា កុំឃ្លានទុកឆី​ឡើយណា ឆ្ងាញ់ឈ្ងុយពិសា ជូនជាប្រក្រតី ពាក្យពេចន៍ការ​កិច្ចអ្វីៗ អត់ឱនកុំបី ឱ្យ​អាក់ចិន្ដា ។

៥០- ភ្លើងមួយគម្ដែង​ក្រឡា គឺប្ដីអាត្មា ឋិនថេររួមរក្ស ឱ្យនាងប្រណិប័តន៍ជឿជាក់ កុំធ្វើឱ្យអាក់ ឱ្យអន់ចិត្តប្ដី អត់ឱនខ្លាច​ខ្លួនជា​ស្រី កុំឱ្យស្រដី ទុកគេជាស្មើ ទោះកើតហេតុភេទ​សារពើ ពាក្យពុំប្រសើរ ជញ្ជឹងចាំស្ដាប់ ទោះប្ដីស្រដីពុំ​គាប់ ពុំគួរឱ្យប្រាប់ បានដឹងដល់ម្ដាយ ។

៥៥- កើតខឹងរែងរឹង​ខ្ចរខ្ចាយ ឮពាក្យពីម្ដាយ ខ្សឹបខ្សៀវប្រាប់​ប្ដី មិនក្សាន្តបែកបាន​ពីប្ដី កើតជាសម្ដី សួរចុះសួរឡើង ពុំស្ងាត់ស្ងៀម​មាត់ចចើង ជជែកនាំឡើង ចចើងមិនបាត់ តតាំងពាក្យខ្លាំងមិនស្ងាត់ មិនស្ងៀមឱ្យបាត់ ឱ្យបានទីសុខ ជជែកស្ទើរបែក​ទាំងស្រុក មិនមានហៅសុខ យូរលង់ឡើយនៃ ។

៦០- នេះហៅភ្លក់ភ្លើង​ទាំងបី ម្ដាយផ្ដាំកូនស្រី ឱ្យខំរក្សា នាងអើយគម្ដែង​ក្រឡា ខុសឆ្គងម្ដេចម្ដា ម្ដាយផ្ដាំកូនស្រី ឱ្យអត់សង្កត់​ហឫទ័យ កូនកុំស្រដី ដើមប្ដីកំបាំង កុំជេរកុំចេញជា​ខ្មាំង ខ្សត់ខ្សោយខ្លៅខ្លាំង នាងកុំមើលងាយ ល្ងង់ខ្សោយប្រើឱ្យ​និយាយ ណែនាំលេងលាយ ឱ្យស្រួលវាចា ។

៦៥- ទោះប្ដីស្រដី​ម្ដេចម្ដា ខេខឹងជេរថា បោះពាក្យទម្ងន់ ក្រោធក្រេវឆុរឆេវមិនអន់ មិនអាក់ស្រោក​ស្រន់ ដោយចិត្តគ្នាន់​ក្នាញ់ រអ៊ូរទាំទន្ទេញ ជេរថាជន្លេញ ត្បិតទាស់នឹង​ចិត្ត ឱ្យកូនស្រីស្ងួនខំ​អត់ ឱ្យបានរលត់ រលាយកំហឹង កុំកូនកាន់ខ្លួនប្រែ​ប្រឹង តតបទៅនឹង អ្នកជាស្វាមី ។

៧០- ខេខឹងក្រញឹង​សម្ដី​ មិនគិតខ្លួនស្រី ស្រដីទ្រគោះ ប្រកែកស្ដីពាក្យ​គំរោះ គំរាមបញ្ជោះ បញ្ជោរឱ្យខឹង រឹងរូសមើលមុខ​សម្លឹង សម្លក់ទៅរឹង ចចើងចង់ឈ្លោះ រឹងឆ្លងឆ្លើយ​ពាក្យបញ្ជោះ បំបែកជាឈ្លោះ បំបែរពុំទៀង ជេរថាឆ្កែឆ្មា​បំព្រៀង ដៀលត្មះបញ្ឆៀង បញ្ឈឺចិត្តប្ដី ។

៧៥- បោះបោកប្រទះអ្វីៗ ចាប់ចោលទៅដី បែកបាក់ពុំគិត មិនស្រួលទទួល​បាត់មាត់ ម្នះម្នេញក្នុងចិត្ត ឱ្យបានប្ដីចាញ់ ទើបបានសុខចិត្តជាវិញ ហៅស្រីម្នះម្នេញ អាប់កេរ្តិ៍យស​ឆ្ងាយ ហៃកូនស្រីស្ងួន​មាសម្ដាយ ខុសណាស់នាងអាយ កុំធ្វើដូចគេ ទោះបីបើប្ដីនាង​ជេរ នាងចូរទៅឯ ដំណេកគិតសិន ។

៨០- ចេញមកនាងយក​ពាក្យទន់ ស្រដីឱ្យអន់ ស្រាយទោសនោះទៅ ទោះបីបើប្ដី​ប្រដៅ ចូរនាងចាំនៅ ទុកក្នុងអាត្មា ពាក្យពេចន៍កុំ​ភ្លេចឡើយណា ក្រែងឆ្គងម្ដេចម្ដា ត្បិតបានផ្ដាំ​ស្រាប់ ព្រោះឯងមិនក្រែងមិនសាប់ ពាក្យគេបង្គាប់ បង្កើតតែឈ្លោះ ឥតសុខអាក្រក់តែ​ឈ្មោះ ឮគេប្រឈ្លោះ មិនចេះហៅល្ហែ ។

៨៥- នេះពុំរាប់ជាស្រីទេ ជាអ្នកប៉ោឡែ ចិត្តចោរដកទង ឱ្យមាត់បង្គ្របប្ដី​ផង ឱ្យគេស្ដាប់ហោង ថាឯងគ្រាន់បើ គឺមោះនាងនោះមិន​ប្រើ មិនបើកឱ្យដើរ បញ្ចើឱ្យទេ ទោះបីប្ដីប្រើ​មាសមេ កុំកូនចំអែ ចំអៀកមិនទៅ ឆ្ងាយជិតកុំគិត​រង់នៅ ក្រោកក្រេសដើរទៅ កុំឱ្យប្ដីជេរ ។

៩០- កុំទៅនៅយូរផ្ទះ​គេ រវល់ទំនេរ រវៀសមកណា ហៃកូនខ្លឹមខ្លួន​មាតា ជាស្រីនេះណា កម្រណាស់នាង មិនថាត្បិតល្អ​រូបរាង មិនរើសត្បិតជាង ចេះការទាំងគ្រប់ មិនបានស្គាល់ទី​គោរព ស្គាល់តែឧបទ្រព ទាំងដប់ប្រការ ហៅតែនឹងល្អ​រូបា ពិតហើយចេះការ គួរកោតដោយយ៉ាង ។

៩៥- មួយរូបល្អស​សន្លាង ឥតគេផ្ទឹមខាង ច្បាប់ផងមិនចេះ ល្អពិតគំនិតមិនផេះ ទោះខ្មៅក្រងេះ ការសោតសមគួរ គឺមោះនាងនោះមិនជួ ចេះដឹងសមគួរ ស្គាល់អស់ឥរិយា នេះឯងពីព្រេងលោកថា ហៅល្អរូបា កបកល្យាណី ហៃកូនស្រីស្ងួន​ពិសី ម្ដាយប្រាប់អំពី ឧបទ្រពចង្រៃ ។

១០០- កាន់ក្បាលប្ដី​ហើយរកចៃ មិនបានលើកដៃ បិទទូលសំពះ លោកទុកស្មើកុក​ទំផ្ទះ រង្គំរង្គះ នឹងបង់អស់ទ្រព្យ កន្លងជើងប្ដីពុំ​គាប់ ព្រោះចិត្តចង់ឆាប់ រំលងជើងប្ដី ស្មើសត្វលលកស៊ីខ្មោចខ្មី ហើយច្រាល​អប្រីយ៍ កើតព្យាធិរោគា ចង្រៃមួយនៃ​រាល់គ្នា ចេញចូលមាត់ទ្វារ ពុំបានបិទបាំង ។

១០៥- ធ្វេសប្រាណខុសខានមិនរាំង មិនរុញបំបាំង មើលយល់សាយ​សុស ទុកស្មើគេ​អុជចន្លុះ ឱ្យចោរចូលផ្ទះ យកទ្រព្យទាំងឡាយ ស្រីមួយសើច​លេង​ក្អាកក្អាយ ឮលេខចម្ងាយ រំលងផ្ទះបី ស្មើសត្វចចាត​បក្សី ចូលភូមិផងក្ដី ចង្រៃក្ដាត់ណា ស្រីមួយដេកដាក់កាយា ប្រះប្រែអាត្មា ឱ្យខ្នងទៅប្ដី ។

១១០- ទុកស្មើពស់​ក្រាយ​អប្រីយ៍ ឡើងផ្ទះឥតបី ឥតបើគណនា ចង្រៃកាចក្រៃ​ពុំជា នឹងព្រាត់ប្រាស​គ្នា ពុំបានវែងឆ្ងាយ ស្រីមួយសក់​វែង​អន្លាយ រំសុសរំសាយ សក់សោតរេរា នៅមាត់​អណ្ដូង​មាត់​ទ្វារ បីដូចមជ្ជរា ឆ្មាលាក់ក្រចក ចង្រៃឥតបី​បើ​រក រេរាសំកក មិនចុកសក់ងាយ ។

១១៥- ស្រីមួយដើរទៅទាត់ជាយ ឮលាន់ស្ទើរធ្លាយ ប្រថពីសន្ធឹក សំពត់ដាច់​ដាច​មិននឹក ដើរឮគគឹក ស្មើសូររន្ទះ ញ៉ាំញ៉ើ​ដំណើរ​រលះ ដាក់ជើងលើផ្ទះ គគ្រាំគគ្រេង កក្រើកផ្ទះ​ទាំង​បីល្វែង ដូចកលគេសែង របស់ចេញទៅ ស្រីមួយ​ឃើញ​ទ្រព្យ​នៅផ្លូវ កន្លងហួសទៅ មិនចាប់ចេញទុក ។

១២០- ពុំចេរចំណេរ​ទៅមុខ ពុំចេះដាក់ទុក រាយរាល់តែល្វែង ទ្រព្យនោះរលោះ​ចេញឯង ចង្រៃទាស់ទែង ធ្វើឱ្យអន្តរាយ ទោះឆីចំណីនូវបាយ លបលូកកកាយ ពមពុំសណ្ដាប់ កូនអើយនេះហើយចូរស្ដាប់ ហៅក្ដីឧបទ្រព ទាំងដប់ប្រការ ឱ្យចៀសអស់​ទាំង​នេះណា ឱ្យរៀនលក្ខណា ទាំងប្រាំពីរផង ។

១២៥- គឺព្រះមាន​បុណ្យ​កន្លង ទេសនាចែងចង ជាបទគាថា មួយមាតុមួយមិត្ត​ភរិយា ភាតុភរិយាជា ទាសភរិយាផង ទាំងបួនប្រសើរ​ឥត​ហ្មង គួរឱ្យចាំចង ទុកក្នុងអង្គា រីឯហៅមាតុភរិយា ប្រពន្ធនោះជា លោកទុកស្មើម្ដាយ ចរិតបីប្រការក្នុង​កាយ មួយចង់ខ្វល់​ខ្វាយ ប្រយោជន៍ឱ្យប្ដី ។

១៣០- បានថ្កើងរុងរឿងឮ​ល្បី មិនឱ្យអាប់ប្ដី ឱ្យបានសក្តិយស មួយបើប្ដីស្លៀក​ពាក់ចាស់ យកថ្មីឱ្យផ្លាស់ ចាស់ស្លៀកខ្លួនឯង ចេះរៀបរណ្ដាប់​តាក់តែង ចំណីផងស្វែង រកមកឱ្យប្ដី មួយបើប្ដីឈឺ​ថ្កាត់អ្វី ព្រួយប្រឹងមើលប្ដី រកថ្នាំសង្កូវ រកពេទ្យមេមត់នូវ​គ្រូ គ្រោះយាមគន់គូរ មើលប្ដីឱ្យជា ។

១៣៥- រីឯហៅភាតុភរិយា ប្រសើរសោភា ប្រពន្ធស្មើបង នោះមានចរិតពីរ​ផង ដូចប្អូននិងបង ចិត្តមូលមួយ​ប្រាណ មួយធ្វើឱ្យប្ដីក្សេមក្សាន្ត របស់ប្ដីបាន ចេះទុករក្សា មួយទោះឮពាក្យ​អ្នកណា គេតិះដៀលថា ស្រដីពីប្ដី ពុំត្រូវអាស្រូវ​អប្រីយ៍ ចេះការកេរ្តិ៍ប្ដី បែរបានជាសុខ ។

១៤០- ទោះបីបើប្ដីមាន​ទុក្ខ គិតឱ្យបានសុខ យកខ្លួនធានា មួយសោតឯមិត្ត​ភរិយា មានចរិតជា បីប្រការមិញ បីដូចកលមិត្ត​សម្លាញ់ មានចិត្តអស់អញ មិនឱ្យមានហ្មង បីដូចកលប្អូន​និងបង ប្រាសយូរលង់​ហោង ទើបមកជួបគ្នា មានចិត្ត​ប្រតិព័ទ្ធ​មហិមា ត្បិតបានជួបគ្នា មិនឱ្យមានហ្មង ។

១៤៥- មួយមានមារយាទ​កន្លង ទោះឃើញប្រុសផង មិនល្អៀងចិត្តទៅ រីទាសភរិយា​នោះកូវ ក្នុងមាត្រាត្រូវ ប្រពន្ធខ្ញុំប្ដី ចរិតប្រាំបី​ប្រការខ្មី មួយចិត្តខ្លាចប្ដី ក្រែងប្ដីវាយជេរ ប្រុងចិត្តការគិតខ្មាសគេ មិនឱ្យប្ដីជេរ បន្ទោសខ្លួនបាន ទោះខឹងប្ដីក្រៃ​ប៉ុន្មាន មិនចេះហៅហាន ឆ្លើយឈ្លោះតមាត់ ។

១៥០- មួយទោះប្ដីនោះ​កាចក្ដាត់ ខឹងដល់វាយវាត់ ជេរចោរដកទង មិនហ៊ានឆ្លើយ​ឈ្លោះ​រំលង តតបទៅផង ក្រែងឮកេរ្តិ៍ឆ្ងាយ មួយចេះប្រដាប់​រៀប​បាយ ប្ដីដើរជិតឆ្ងាយ មិនហ៊ានបរិភោគ អត់ចាំទម្រាំប្ដី​មក ជួបជុំទើបយក បរិភោគផងគ្នា នេះឯងហៅទាស​ភរិយា សម្ដេចភគវា ទេសនាប្រោសប្រាប់ ។

១៥៥- បើអស់ស្រីណា​បានស្ដាប់ យកទុកជាច្បាប់ ក្នុងប្រាណសព្វថ្ងៃ លុះអស់អាយុ​ក្សិណក្ស័យ បានទៅកើតឰ តុសិតសួគ៌នាយ នឹងបាន​ក្សេមក្សាន្ត​ពណ្ណរាយ សេពសុខសប្បាយ និរទុក្ខកាយា រីឯប្រពន្ធពុំជា ពេជ្ឈឃាតភរិយា ចរិតមានបួន កុំឱ្យយកទុក្ខក្នុងខ្លួន ឱ្យចៀសចេញចួន កើតកម្មវេរា ។

១៦០- មួយចិត្តគំនិតចង់ជា ឆ្លាស់ឆ្លើយបំពារ បំពានឱ្យប្ដី ប្រទូស្តរឹងរូសខ្ញូវខ្ញី មិនចេះចាញ់ប្ដី ថាឯងគ្រាន់បើ ឆ្លើយឆ្លងសួរសងបណ្ដើរ ចង់ឈ្លោះឱ្យស្មើ ឱ្យលើសប្ដីវិញ មួយមិនចង់ធ្វើបំពេញ បង្គាប់ប្ដីវិញ ឱ្យថ្កើងខ្លួនឯង អាងចេះដៀលតិះពុំក្រែង ឱ្យប្ដីស្ដាប់ឯង ដោយចិត្ត​អន្ធពាល ។

១៦៥- មួយមានចិត្តនោះស្រើបស្រាល ចង់ត្រេកត្រអាល ចោរពេញមុខប្ដី មួយចិត្ត​ទ្រឹស្ដិ​ទ្រុស្ដ​អប្រីយ៍ ចង់សម្លាប់ប្ដី ស្រឡាញ់ប្រុស​ទៀត គិតកាប់​សម្លាប់​បង់ម្សៀត នឹងយកប្រុសទៀត ធ្វើប្ដីមរណា រីឯសត្រូវ​ភរិយា ចរិតពុំជា ប្រាំពីរប្រការ មួយមិនខ្លាច​ប្ដីអាត្មា បង្គាប់ត្រង់ណា ពុំធ្វើតាមចិត្ត ។

១៧០- មួយទ្រឹង​ទ្រមឹង​ស្ងៀមស្ងាត់ ប្ដ សួរបីម៉ាត់ ពុំស្រដីផង មួយប្ដីស្រដី​គន្លង ប្រដៅច្បាប់ផង ពុំចូលចិត្តស្ដាប់ មួយមិនចង់​ឱ្យ​ប្ដីគាប់ មិនចង់ប្រដាប់ ឱ្យប្ដីថ្កុំថ្កើង មួយទោះនឹង​ស្រដីឡើង ពាក្យធំចចើង​ ចចេសនឹងប្ដី មួយទោះប្ដី​លោះខ្ញុំស្រី វាបម្រើប្ដី មិនឱ្យអាក់អន់ ។

១៧៥- ឃើញគាប់រីង​ស្អប់​ក្នាញ់គ្នាន់ ក្នុងចិត្តប្រចណ្ឌ ជេរថានាយអាយ មួយត្បិតប្ដី​មាន​សាហាយ ហួរហែកសុសសាយ ឱ្យប្ដីអាស្រូវ រីចោរភរិយា​នោះកូវ ចរិតពុំត្រូវ មានបីប្រការ មួយចង់ចាយ​ទ្រព្យ​ប្ដី​ណា ឱ្យខូចអសារ មិនគង់ជាល្អ មួយប្ដីឃ្មាត​ខ្មីខំរក៍ របស់បានមក៍ មិនថែទាំទុក ។

១៨០- លួចឱ្យទៅ​ម្ដាយឪពុក ប្ដីសួររកមុខ មិនប្រាប់ឡើយណា មួយខ្ជិលមិនចង់ធ្វើការ កុហកមុសា ថាឯងរវល់ ដេកលេងចំខែង​អស់កល លុះប្ដីគេយល់ ពុតធ្វើជាឈឺ ទទូរដេកថ្ងូរ​ហ៊ឺៗ ប្ដីហៅមិនឮ ពុតចង់តែស្លាប់ នេះហៅប្រពន្ធ​ពុំគាប់ ស្រីណាកាន់ខ្ជាប់ ពុំដែលរសាយ ។

១៨៥- លុះអស់អាយុក្ស័យក្លាយ ធ្លាក់ទៅអបាយ ទាំងបួនចំពូក តែងនឹងរងទុក្ខរងសោក រំដោះរួចមក កើតជាមនុស្សខ្ទើយ ហេតុអកុសលនេះហើយ ត្បិតខ្លួនឥតត្រើយ ធ្វើខុសគន្លង ខុសវត្តប្រតិបត្តិឆ្គាំឆ្គង មិនរៀងមិនរង ខុសនឹងច្បាប់ស្រី មាក់ងាយនោះមានប្រាំបី មានក្នុងបាលី ព្រះធម៌លោកថា ។

១៩០- មាក់ងាយមួយនោះឯងណា ត្បិតប្ដីពិការ មិនបានមួនមាំ ខឹងស្អប់ធុញថប់មិនទ្រាំ មិនមានរកថ្នាំ គ្រូគ្រោះមេមត់ មើលប្ដីឱ្យជាឆាប់ឆុត ខឹងវិញមិនអត់ បន់ឱ្យប្ដីស្លាប់ មាក់ងាយមួយប្ដីខ្សត់ទ្រព្យ គ្មានកេរកោះគាប់ ស្មើនឹងអាត្មា ដៀលត្មះថាច្រាសដោយសារ ព្រោះខ្ជិលធ្វើការ ទើបគ្មានរបស់ ។

១៩៥- មាក់ងាយត្បិតប្ដីអាប់យស ឯងត្រកូលខ្ពស់ ពូជពង្សពុំស្មើ ឆ្មើងខ្លួនឱ្យប្ដីបម្រើ ឈ្លោះឡើងហើយដើរ ដៀលត្មះពូជពង្ស មាក់ងាយមួយត្បិតប្ដីល្ងង់ ខ្លៅខ្លួនទ្រមង់ ទ្រមក់យឺតយូរ ដៀលត្មះពុំចេះអាសូរ សម្ដីខ្មោះខ្មួរ មិនក្រែងប៉ុនសក់ មាក់ងាយមួយប្ដីអាក្រក់ សាច់ខ្មៅប៉ប៉ក់ មុខអុតស៊ីសុស ។

២០០- កន្ទ្រលរាងរលក្រអុះ សក់ស្កាញស្កូវសុស ពោះធំប៉ុនពាង ខ្លួនឯងចិញ្ចែងរូបរាង ខ្លួនសល្អជាង ថាប្ដីមិនសម មាក់ងាយមួយប្ដីមិនខំ ធ្វើការលេលាំ ឡែឡដើរលេង ឆ្លៀតឆ្លើយបោះពាក្យគគ្រេង ឈ្លោះជេរមិនឈ្វេង គិតខុសមាត្រា មាក់ងាយមួយប្ដីផឹកស្រា ស្រវឹងចោលការ ដើរលេងតែតោ ។

២០៥- ពាក្យក្អេងរាំច្រៀងឡោៗ ឱ្យឆ្កែព្រុសឆោ ផ្អើលភ្ញាក់កូនចៅ ឮមាត់ប្ដីហើយ​ខឹងក្ដៅ ប្រទេចជេរទៅ តាមដោយចិត្ត​ក្នាញ់ មាក់ងាយមួយ​ទៀត​នោះ​មិញ ត្បិតប្ដីស្រឡាញ់ លលូកប្រឡែង មួលបិចចាក់ចុច​ជាល្បែង មិនមានកោតក្រែង បានចិត្តជេរវិញ ត្បិតតែយល់គេ​ស្រឡាញ់ ស្រដីផងមិញ គំរោះគំរើយ ។

២១០- ធ្វើក្នាញ់បែរ​ចេញ​ព្រងើយ គេនឹងកន្តើយ ក្និចក្នក់មាយា ពុំបានក្សេមក្សាន្ត​នឹងគ្នា មាក់ងាយនេះជា គម្រប់ប្រាំពីរ កូនអើយនេះហើយ​ច្បាប់ស្រី ឱ្យកូនពិសី រករៀនរក្សា យកទុកក្នុងអង្គ​អាត្មា ប្រសើរក្ដាត់ណា កើតសុខសួស្ដី ប្រសើរទាំងនា​លោកិយ ទោះបរលោកក្ដី សឹងលុះប្រាថ្នា ទោះចិត្តគន់គិត​សច្ចា ជាពុទ្ធមាតា សឹងបានបរិបូរណ៍ ។

២១៥- ដូចចិត្តឆុតឆាប់ពុំយូរ កបកើតសម្បូរ សម្បត្តិទ្រព្យផង កើតយសខ្ពង់ខ្ពស់​កន្លង យឺនយូរឥតហ្មង ដូចក្ដីប្រាថ្នា ច្បាប់នេះឧត្តម​ថ្លៃ​ថ្លា ទោះស្រីឯណា ឮហើយមានភព្វ ជាល្អកម្របាន​ស្ដាប់ ស្ដាប់ហើយចូរ​ចាប់ ចូរចាំគ្រប់គ្នា បានដល់មគ្គផល​សួគ៌ា ប្រសើរសោភា ចូរចាំកុំភ្លេច ។

២២០- ចរចាអស់អាថ៌​ពាក្យពេចន៍ ពាក្យពិតកាព្យ​កិច្ច បរិបូរណ៍ប្រពៃ ប្រាជ្ញាប្រែរីឯ​នាម​នៃ ខ្ញុំឈ្មោះម៉ឺន មៃ មែនមានសទ្ធា មានចិត្តកួចគិត​កាព្យា កបកើតជ្រះថ្លា ត្រេកត្រង់កុសល សច្ចាប្រាថ្នា​មគ្គផល ផុរផុសយោបល់ លេចលើកទុកនៅ ទោះបីសេចក្ដីខុស​ត្រូវ សូមទានតម្រូវ តម្រង់ឱ្យផង ។

២២៥- កុំត្មះតិះដៀលឡើយហោង សូមសាងផលផង ទុកតសាសនា សម្រាប់ជាច្បាប់​មាត្រា សូរេចបការា បរិបូរណ៍ចែងចប់ ៕៚

Post a Comment

0 Comments