អ៉ិនធឺណេតយីហោ​ CK បង្កប់ល្បែង​ភ្នាល់​បាល់អនឡាញ​ បើកជាយូរឆ្នាំឡើងដុះស្លែមកហើយ​ អាជ្ញាធរមិនទាន់មានវិធានការ

ភ្នំពេញ​ ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងល្បែងស៊ីសងភ្នាល់បាល់ចាក់លុយមួយកន្លែងបើកលេង និងមានអតិថិជនមកទទួលសេវាកម្មចាក់ភ្នាល់បាល់ទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ ជាយូរឆ្នាំណាស់មកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ។

ទីតាំងដែលគេរាយការណ៍ថា ជាកន្លែងទទួលភ្នាល់បាល់អនឡាញខុសច្បាប់នោះគឺស្ថិតនៅតាមបណ្ដោយផ្លូវ​លេខ​៩៩​ កែង​ផ្លូវ​លេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

មហាជនទូទៅ និង ប្រជាជនរស់នៅក្បែរទីតាំងល្បែងស៊ីសងភ្នាល់បាល់ខាងលើកំពុងរងចាំមើល ចំណាត់ការរបស់លោក ថេង សុថុល អភិបាលខណ្ឌចំការមនទើបតែឡើងមកកាន់តំណែងថ្មី និងលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន តេីនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងដុះស្លែមួយនេះបែបណា?។

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕




Post a Comment

0 Comments