ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបំបែកសំណុំរឿងជនជាតិចិន ចាប់ជំរិតទារប្រាក់ចំនួន១០ម៉ឺនដុល្លារ ទៅលើជនជាតិចិនដូចគ្នា ហើយឈានដល់ចាប់ខ្លួនជនសង្ស័យ៥នាក់ និងរំដោះជនរងគ្រោះបាន២នាក់ ក្នុងសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីបុរសជនជាតិចិនម្នាក់ អាយុ៤៩ឆ្នាំ រាយការណ៍ថា មានករណីបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់បង្កឡើងដោយជនសង្ស័យជាជនជាតិចិន ចំនួន០៥នាក់ លើជនរងគ្រោះជាជនជាតិចិនចំនួន០២នាក់ ។
ប្រតិបត្តិការខាងលើ ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានបើកការស្រាវជ្រាវ រហូតកំណត់បានទីតាំងលាក់ទុកជនរងគ្រោះ នៅបន្ទប់លេខ៣០៣ សណ្ឋាគារអ៉ីមភឺរៀល ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ហើយកម្លាំងសមត្ថកិច្ចជំនាញបានឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ (ប្រុស)។ ក្នុងនោះកម្លាំងជំនាញ ក៏រំដោះបានជនរងគ្រោះចំនួន០២នាក់ ព្រមទាំងសម្ភារៈដកហូតមួយចំនួន។
បន្ទាប់ពីបញ្ចប់ការសួរនាំ និងកសាងសំណុំរឿងចប់សព្វគ្រប់ កាលព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យជនជាតិចិនទាំង៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ប្រភព និងរូបភាពពី៖ ផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
0 Comments