ឯកឧត្តម ប៉ុល រតនា ឧបត្ថម្ភថវិកាសម្រាប់ការព្យាបាលកុមារីភ្លើងឆេះជើង

ខេត្តព្រៃវែង៖ កាលពី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១:០០ នាទី មានករណីភ្លើងឆេះជើងរបស់កុមារីម្នាក់ឈ្មោះ ហាក់ ថាវី, ភេទស្រី, អាយុ ១០ឆ្នាំ រស់នៅភូមិព្រែកចង្រ្កានក្រោម ឃុំព្រែកចង្រ្កាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយមូលហេតុក្មេងស្រី ហាក់ ថាវី បានចាក់សាំងដាក់ក្នុងកាដុងទឹកសុទ្ធ រួចយកទៅដុតកូនមាន់ តែជាអកុសលក៏ត្រូវបានភ្លើងឆេះជើងខ្លួនឯងផងដែរ ហើយឪពុកឈ្មោះ សិក តូ និងម្តាយឈ្មោះ អេង ណារឿន របស់កុមារីម្នាក់នេះបច្ចុប្បន្នធ្វើការចំណាក់ស្រុកទៅរកស៊ីនៅប្រទេសថៃ។ 

ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារប្រជាជនចុះជួយឃុំព្រែកចង្រ្កាន ក្រោយពីបានទទួលដំណឹងអំពីការឆេះជើងរបស់កុមារី ហាក់ ថាវី ឯកឧត្តមបានបង្គាប់អោយលោកមេឃុំ លី សំអឿន នាំកុមារីម្នាក់នេះទៅព្យាបាលនៅរាជធានីភ្នំពេញ ដោយរាល់ការចំណាយសម្រាប់ការព្យាបាលកុមារី ឯកឧត្តម ប៉ុល រតនា ជាអ្នកឧបត្ថម្ភ។ 

ប៉ុន្តែជីដូនរបស់កុមារីសុំអោយព្យាបាលនៅត្រឹមមន្ទីពេទ្យបង្អែកស្រុកស៊ីធរកណ្តាលសិន លុះមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថានភាពរបស់កុមារី ហាក់ ថាវី មានភាពប្រសើឡើង តែយ៉ាងណាមិញ ឯកឧត្តម ប៉ុល រតនា នៅតែបន្តជួយជាកម្លាំងចិត្ត និងឧបត្ថម្ភថវិកាសម្រាប់ការព្យាបាលកុមារីជាបន្តបន្ទាប់៕


Post a Comment

0 Comments