ភ្នំពេញ៖ យុវជនប្រមាណជាង ៧០នាក់ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានមកជួបជុំគ្នាដើម្បីហ្វឹកហាត់ល្ខោនខោល និងល្បុកតោនៅហាងកាហ្វេវប្បធម៌ ដើម្បីយកទៅបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍ល្ខោនខោលដ៏ធំ និងចំថ្ងៃរំលឹកខួប ២ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
ព្រឹត្តិការណ៍នេះ បានរៀបចំឡើងដោយ លោកគ្រូស៊ុប ស័ក្ខរា ក្រោយការជ្រំជ្រែងដោយកញ្ញា ពេជ្យ ចរណៃ និងលោកគ្រូ អ្នកគ្រូខាងល្ខោនខោល និងល្បុកតោជាច្រើនរូបផ្សេងទៀត។
លោកគ្រូ ស៊ុប ស័ក្ខរា បានថ្លែងប្រាប់នៅថ្ងៃទី២៤ ខែវិច្ឆិកាថា តាមគម្រោង លោកគ្រូត្រូវការអ្នកសម្តែងក្នុងឆ្នាំ២០២០ ចំថ្ងៃរំលឹកខួប២ឆ្នាំ នៃការដាក់ល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ប្រមាណ២០០នាក់ ដោយការហ្វឹកហាត់មិនមានការបង់ប្រាក់នោះទេ។
លោកបានបន្ថែមថា គម្រោងមួយនេះនឹងជួយអភិរក្សសម្បត្តិវប្បធម៌ខ្មែរ ឲ្យកូនខ្មែរបានដឹង គោរព ស្រលាញ់ និងចូលរួមទាំងអស់គ្នាដើម្បីការពារអភិរក្សសម្បត្តិវប្បធម៌ មិនមែនត្រឹមតែល្ខោនខោល ឬល្បុកតោនោះទេ ប៉ុន្តែរាល់ទម្រង់សិល្បៈវប្បធម៌ខ្មែរ ដែលជាកេរដំណែលពីដូនតា ពីព្រោះថាមនុស្សអាចស្លាប់ ប៉ុន្តែវប្បធម៌មិនអាចស្លាប់ឡើយ ។
បើតាមកញ្ញា ពេជ្រ ចរណៃ បញ្ហាប្រឈមដើម្បីអាចសម្រេចបាននូវគម្រោងព្រឹត្តិការណ៍ល្ខោនខោលឆ្នាំ ២០២០ខាងមុខនេះគឺ ខ្វះតួសម្តែង ដូចនេះទើបមានការអំពាវនាវឲ្យមានការចូលរួមហ្វឹកហាត់ដោយមិនមានការបង់ប្រាក់។
ប៉ុន្តែបញ្ហាប្រឈមផ្សេងទៀតដែលកញ្ញាបានលើកឡើង គឺកង្វះថវិកា ពីព្រោះថាថវិកាដើម្បីយកទៅទ្រទ្រង់ក្នុងព្រឹត្តិការណ៍ល្ខោនខោលឆ្នាំ២០២០ ត្រូវការ ១,៤០០លានរៀល ខណៈបច្ចុប្បន្ធគណៈកម្មការព្រឹត្តិការណ៍ល្ខោនខោលមានត្រឹមតែ ៣០លានរៀលប៉ុណ្ណោះ ដូចនេះខាងគណៈកម្មការបានប្រមូលថវិកាគ្រប់វិធីទាំងពីសប្បុរសជន ក៏ដូចជាការលក់អាវយឺតដែលមានតម្លៃ ១ម៉ឺនរៀល ដែលក្លាយជាមធ្យោបាយមួយផ្នែកជួយទ្រទ្រង់ថវិកាក្នុងព្រឹត្តិការណ៍ល្ខោនខោលដ៏ធំក្នុងឆ្នាំ២០២០។
សូមជម្រាបជូនថា ល្ខោនខោលត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំលើកទី១៣នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស តាមសេចក្តីសម្រេច Decision13.COM.10.a.3»។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិបានរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង៕
0 Comments