ក្រុមចោរជិះឡានទំនើប​កាក់ម៉ូតូកង់បីឥណ្ឌា​ប្លន់យកទ្រព្យសម្បត្តិភ្ញៀវបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះរថយន្តស៊េរីទំនើប​កាក់ម៉ូតូកង់បីឥណ្ឌា​ ធ្វើសកម្មភាព​យក​ កាំបិតភ្ជង់ប្លន់យកកាបូបភ្ញៀវដែលជិះម៉ូតូកង់បីឥណ្ឌ​ បា​នសម្រេច​ រួចនាំគ្នាជិះរថយន្តគេចខ្លួនបាត់ស្រមោល​
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាង​ខ្លាំង កាលពីវេលាម៉ោង០២រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ​ចំណុច​មុខ​ កន្លែងលក់ផ្កា​ តាមបណ្តោយផ្លូវ៥៩៨ ភូមិ​បឹងឈូក​ សង្កាត់គីឡូម៉ែត្រលេខ​៦​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ ។
បើយោងតាមការរៀបរាប់ពីម្ចាស់ម៉ូតូកង់បី​ឥណ្ឌាបានឲ្យដឹងថា​ មុនកើតហេតុរូបគាត់​បានបើកម៉ូតូកង់បីឥណ្ឌា​ មួយគ្រឿង​ ពណ៌ស​ពាក់ស្លាក​លេខតាកែវ1P-8671 បានដឹកជន​រងគ្រោះជាភ្ញៀវចេញពីម្តុំអូឡាំពិច​ ទៅបុរី​ប៉េងហួត ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ៥៩៨ទិសដៅពីត្បូងទៅជើង​ ខណៈ​បើកមក​ដល់ចំណុចកើតហេតុ​ ស្រាប់តែមានរថយន្តម៉ាកស្តារិចមួយគ្រឿង​ ពណ៌ខ្មៅ បានបិទ​ស្លាកលេខមុខក្រោយជិត​ បើកមកកាក់ម៉ូតូកង់បីរបស់គាត់​ពីមុខ​ ភ្លាមៗគាត់ក៏បាន​ឈប់​ស្រាប់តែមានជនសង្ស័យចំនួន៣នាក់សុទ្ធ​តែបិតមុខ​ ហើយភ្លាមៗនោះជនសង្ស័យចំនួន​​២នាក់កាន់ដោយកាំបិត​ បានចុះពីលើរថយន្ត​មកភ្ជង់ប្លន់យកកាបូបស្ពាយ​ ពីជនរងគ្រោះបានសម្រេច​ រួចនាំគ្នាឡើងជិះរថយន្ត​ បើកគេច​បាត់ស្រមោលដោយសុវត្ថិភាព​ ។

ប្រភពដដែលបានបន្តថា​ បន្ទាប់ពីកើតហេតុ​ភ្លាមៗជនរងគ្រោះបានជិះម៉ូតូកង់បីបន្តទៅកន្លែងស្នាក់នៅរបស់គាត់បាត់​ទៅ​ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ​ ហើយ​ក៏មិនដឹងថា​ ជនរងគ្រោះមានទ្រព្យសម្បត្តិ​ អ្វី​ខ្លះដែលបាត់បង់នៅក្នុងកាបូបនោះដែរ​ ។

សូមរំលឹកថា​ នេះជាករណីទី២ហើយដែល​ក្រុមជនសង្ស័យជិះរថយន្តម៉ាកស្តារិច​ ធ្វើ​សកម្មភាពប្លន់​ បន្ទាប់ពីមានប្រជាពលរដ្ឋបាន​បង្ហោះ​វីដេអូ​កាំមេសុវត្ថិភាព​នៅលើបណ្ដាញ​ សង្គមពីកម្មភាពជនជាតិចិនមួយ​ក្រុម​ ជិះរថយន្ត​ កាក់ប្លន់ស្ត្រីម្នាក់ជិះកង់បី​ឥណ្ឌា​ដែរ​ ហើយករណីនេះសង្ស័យជា​ក្រុមតែមួយ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានត្រឹម​តែចុះទៅសួរនាំ​ ម្ចាស់​ម៉ូតូកង់បី​តែ​ប៉ុណ្ណោះ​ ​ខណៈដែលក្រុមជនសង្ស័យ​ បានគេចខ្លួនបាត់​អស់​ដោយសុវត្ថភាព​ ។

មហាជនរងចាំមើលថា​ តើសមត្ថកិច្ចជំនាញ​ខណ្ឌឫស្សីកែវ​ អាចស្រាវជ្រាវចាប់ក្រុមជន​សង្ស័យទាំងនោះយកមកផ្ដន្ទោទោស​ បាន​ដែរទេ?​ ៕






Post a Comment

0 Comments