Muyreal -News

Muyreal -News
Muyreal -News

កម្លាំងនគរបាលបំបែកសំណុំរឿងឃាតកម្មប្ដីសម្លាប់ប្រពន្ធ នៅខេត្តកណ្ដាល តាមចាប់បានជនដៃដល់នៅខេត្តកំពង់ឆ្នាំង ក្រោយធ្វើសកម្មភាព៥ថ្ងៃ

(កណ្ដាល-កំពង់ឆ្នាំង)៖ សំណុំឃាតកម្មដ៏សាហាវព្រៃផ្សៃប្ដី សម្លាប់ប្រពន្ធខ្លួនឯង នៅស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បំបែកបានដោយជោគជ័យចាប់បានជនដៃដល់ជាប្ដី នៅខេត្តកំពង់ឆ្នាំង។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ក្រោយកើតហេតុភ្លាមៗ និងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលជំនាញ បានសហការគ្នាស្រាវជ្រាវ រហូតចាប់បានជនដៃដល់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលកំពុងលាក់ខ្លួននៅព្រៃលិចទឹក ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា អំពើឃាតកម្មនេះបានកើតឡើង នៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចវាលស្រែភូមិ ត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ដោយជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉ាត ស្រីពៅ អាយុ៤៥ឆ្នាំ មុខរបររកក្ដាមលក់ ត្រូវជាប្ដីឈ្មោះ ឃុត សុផល អាយុ៤៦ឆ្នាំ មុខរបរសន្តិសុខរោងចក្រ សម្លាប់យ៉ាងព្រៃផ្សៃ។

លទ្ធផលស៊ើបអង្កេត រយៈពេល៥ថ្ងៃ នៅថ្ងៃកើតហេតុកម្លាំងមន្ត្រីផ្នែកជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍សហការជាមួយការិយាល័យបច្ចេកទេសខេត្ត ចុះទៅកន្លែងកើតធ្វើកោសល្យវិច្ច័យ សាកសព និងប្រមូលឯកសារជុំវិញកន្លែងកើតហេតុ ស្តាប់ការបំភ្លឺពីសាក្សីភ្លាមនោះ កម្លាំងជំនាញសហការជាមួយ ការិយាល័យព្រហ្មទណ្ឌខេត្តចុះទៅឃុំស្រែថ្មី ស្រុករលាប្អៀរខេត្ត ខេត្តកំពង់ឆ្នាំង ចំណុចភ្នំក្រាំងដីមាស។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញសហការជាមួយការិយាល័យព្រហ្មទណ្ឌខេត្ត បន្តរុករកជនសង្ស័យ រហូតដល់ថ្ងៃទី២៥២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងបានបន្តតាមរកនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅតាមកោះតូចៗឆ្លងទៅចំណុចភូមិកោះឬស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងបន្តរុករកនៅឆ្នុកទ្រូ។ ទើបដឹងតម្រុយថា ជនសង្ស័យបានបន្តគេចខ្លួន ពួនសំងំក្នុងព្រៃលិចទឹក។

ជាលទ្ធផលនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចរួមជាមួយ ប្រជាពលរដ្ឋនៅបន្តស្វែងរកហើយបានរកឃើញ ទីកន្លែងលាក់ខ្លួន របស់ជនសង្ស័យមកស្នាក់នៅ កម្លាំងប៉ុស្តិ៍ និងមន្ត្រីជំនាញខេត្តទាំងពីរ បានហ៊ុមព័ទ្ធមួយយប់ទល់ភ្លឺ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា កម្លាំងផ្នែកជំនាញស្រុក និងការិយាល័យព្រហ្មទណ្ឌខេត្ត បន្តស៊ើបអង្កេតរកជនសង្ស័យ រហូតដល់ពេលល្ងាច និងពេលយប់ ដោយបានប្រើប្រាស់បន្ថែម ទូកម៉ាស៉ីនចំនួន០៥គ្រឿង ពេលព្រលប់សមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានស្វែងរក និងឃាត់ខ្លួនជនសង្ស័យជាប្ដី ដែលសម្លាប់ប្រពន្ធខ្លួនឯង។

ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនពីខេត្តកំពង់ឆ្នាំង មកខេត្តកណ្ដាលដែលជាម្ចាស់ករណី ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕



















Post a Comment

0 Comments