ខេត្តកែបោ៖ វគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍អ្នកប្រើប្រាស់ រៀបចំឡើងដោយនាយកដ្ឋានគណនេយ្យជាតិ សហការណ៍ជាមួយមន្ទីរផែនការខេត្ត នៅខេត្តកែប
នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានគណនេយ្យជាតិ បានសហការណ៍ជាមួយមន្ទីរផែនការខេត្តកែប បានបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅថ្នាក់ខេត្ត នៅមន្ទីរផែនការខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម ឃឹន សុង អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ និងជាទីប្រឹក្សាក្រសួងផែនការ និងមានការអញ្ជើញចូលរួមដោយ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សរុបប្រមាណ៤០រូប ។
ក្នុងរបាយការណ៍ស្វាគមន៍ របស់ លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្ត បានបង្ហាញថា ទិន្នន័យផលិតផលក្នុងស្រុកសរុប(GDP) និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(CPI) ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ធ្វើការវាស់ស្ទង់ និងវាយតម្លៃ ពីកម្រិតនៃការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចនៅក្នុងខេត្ត។ ស្របពេលជាមួយគ្នាផងដែរ តាមរយៈទិន្នន័យនេះ បង្ហាញអំពីចំណូលរបស់ខេត្ត ចំណូលសម្រាប់មនុស្សម្នាក់ៗ ការវាស់វែងអតិផរណាក្នុងខេត្ត និងជាទិន្នន័យមួយសម្រាប់ខេត្តធ្វើការទាក់ទាញអ្នកវិនិយោគទុន និងការរៀបចំគោលនយោបាយផ្សេងៗ នៅថ្ងៃអនាគត។
ឯកឧត្តម ឃឹន សុង អគ្គនាយករង និងជាទីប្រឹក្សាក្រសួងផែនការ បានមានប្រសាសន៍ថា កន្លងមកក្រសួងផែនការ តែងតែយកចិត្តទុកដាក់លើការងារបណ្តុះបណ្តាលជាហូរហែរ លើការងារស្ថិតិ ជាពិសេសការងារទិន្នន័យផលិតផលក្នុងស្រុកសរុប និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ក្នុងខេត្ត ដល់មន្រ្តីក្រោមជាតិ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីនៅថ្នាក់ក្រោមជាតិ មានជំនាញក្នុងការប្រមូលទិន្នន័យ វិធីសាស្រ្តក្នុងការគណនាផលិតផលក្នុងស្រុកសរុប និងទិន្នន័យសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ប្រចាំខេត្តរបស់ខ្លួន ៕
0 Comments